
សមត្ថកិច្ចខណ្ឌដូនពេញ ចុះអនុវត្តច្បាប់លើទីតាំងល្មើសវិធានរដ្ឋបាលនាពេលកន្លងមក។ រូបថត រដ្ឋបាលខណ្ឌ
ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅព្រឹកនេះថា សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ៦ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល កាលពីម្សិលមិញ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ៣ ខែតុលានេះ បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន ៦ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនៅថ្ងៃទី ២ ខែតុលា ប៉ុន្តែមិនមានការឃាត់យានយន្តល្មើសនោះទេ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៦ ករណីដោយពិន័យជាប្រាក់បានចំនួន ១ ២០០ ០០០ រៀល អនុវត្តវិធានការផ្សព្វផ្សាយច្បាប់បានចំនួន ៤៣៨ ទីតាំង និងធ្វើការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៦២ នាក់ ធ្វើដំណើរតាមយានយន្ត ៩៧ គ្រឿង៕