​ព្រះសីហនុ​៖ នៅថ្ងៃនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​បន្ទប់ទឹក​សាធារណៈ​ចំនួន ៦ នៅតាម​បណ្តោយ​ឆ្នេរ អូរ​ឈើទាល និង​ឆ្នេរ​អូរត្រេះ ដើម្បី​បម្រើ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។​

​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣ ខែតុលា ឆ្នាំ​ ២០២១ នេះ ឱ្យដឹងថា រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​សាងសង់​បន្ទប់ទឹក​សាធារណៈ សរុប​ទាំងអស់​មាន​ចំនួន ៩ ប៉ុន្តែ សាងសង់​ដែលមាន​ការបំពាក់​សម្ភា​រ​រួចរាល់ មាន​ចំនួន ៦។

​លោក​បន្តថា ដោល​ឡែក បន្ទប់ទឹក ២ ក្នុងចំណោម បន្ទប់ទឹក ៣ ទៀត កំពុង​បំពាក់​សម្ភារ​និង ១ ទៀត មាន​បញ្ហា​ប្រព័ន្ធ​បង្ហូរទឹក​។​

​លោក​ថ្លែងថា​៖ «​ដូច្នេះ រដ្ឋបាលខេត្ត ក៏​សម្រេច​ដាក់ឱ្យ​ដំណើរការ​បន្ទប់ទឹក​ចំនួន ៦ នេះ​សិន ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​នឹង​មកលេង​កម្សាន្ត នៅក្នុង​ឱកាស​បុណ្យ​ភ្ញុំ​បិណ្ឌ​ខាងមុខ​»​។​

​លោក​បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាច​ប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ​នេះ ដោយ​មិន​គិតថ្លៃ ប៉ុន្តែ លោក​បានស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​ថែរក្សា​អនាម័យ ឱ្យបាន​ស្អាត ដើម្បី​ភាពស្រស់ស្អាត​នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ និង​ភាពថ្លៃថ្នូរ​របស់​កម្ពុជា​។​

​លោក ​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២១ ថា «​នៅ​ថ្ងៃទី ៣ ខែ តុលា​ ឆ្នាំ ២០២១ បើក​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្តោយ​ឆ្នេរ អូរ​ឈើទាល ឆ្នេរ​អូ​ត្រេះ ចំនួន ៦​។ រីករាយ​ផង ៣ ការពារ ៣ កុំ​ផង​»​។​

​លោក តាំង សុចិត្រ​ក្រឹ​ស្នា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ថ្លែងឱ្យដឹង​ដែរ​ថា ការដាក់ឱ្យ​ដំណើការ​នូវ​បន្ទប់ទឹក​នេះ វា​នឹង​ចូលរួមចំណែក​លើកកម្ពស់​មុខមាត់​ខេត្ត​ព្រះសីហនុ​ ជាពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ឱ្យបាន​កាន់តែច្រើន​។​

​លោក​ថ្លែងបន្តថា​៖ «​បន្ទប់ទឹក វា​សំខាន់​ណាស់ បើ​ភ្ញៀវទេសចរ​មកលេង ហើយ​មិនមាន​បន្ទប់ទឹក​សម្រាប់​គាត់ ម៉េច​កើត​។ បើ​មិន​ដូច្នេះ​ទេវា​នឹង​ប៉ះពាល់​ដល់​បរិស្ថាន និង​អនាម័យ​មិនខានឡើយ​»៕