
ស្មោញ គឺជាបក្សីមួយប្រភេទ ដែលមានលក្ខណះពិសេស ដែលអាចហែល និងមុជទឹក មើលទៅដូចជាសត្វពស់។ រូបថត USAID Greening Prey Lang
ភ្នំពេញៈ គម្រោង USAID ព្រៃឡង់បៃតង កំពុងធ្វើការជាមួយប្រជាសហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារ សត្វស្មោញ ក៏ដូចជាសត្វ ដែលរងគ្រោះជិតផុតពូជទាំងអស់ ដែលស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ។
ហ្វេសប៊ុក USAID Greening Prey Lang ព្រៃឡង់បៃតង នៅថ្ងៃទី ៣ ខែតុលានេះ បានឱ្យដឹងថា ស្មោញ គឺជាបក្សីមួយប្រភេទ ដែលមានលក្ខណពិសេស ដែលអាចហែល និងមុជទឹកមើលទៅដូចជាសត្វពស់។ វារស់នៅតាមតំបន់ បឹង វាលភក់ និងទន្លេធំ។ សត្វនេះគេសង្កេតឃើញថា មានវត្តមានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងតំបន់តូចមួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។
លើហ្វេសប៊ុក ព្រៃឡង់បៃតងសរសេរថា៖ «បក្សីនេះមានកវែងដូចពស់ ចំពុះរបស់វាស្រួចដូចដាវ សម្បុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង»។
គម្រោងព្រៃឡង់បៃតង បានឱ្យដឹងទៀតថា ប្រភេទសត្វស្លាបសំខាន់ៗនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ ត្រូវបានគំរាមកំហែងដោយការបរបាញ់ និងការបាត់បង់ទីជម្រក។ សត្វស្លាបដែលដាក់ពងនៅលើដីងាយរងគ្រោះដោយសត្វសាហាវដូចជាឆ្កែ មនុស្ស និងសត្វព្រៃដទៃទៀត ខណៈដែលសត្វដែលមានសម្បុកនៅលើដើមឈើងាយនឹងរងគ្រោះដោយការកាប់ឈើ ការបរបាញ់និងការទន្ទ្រានយកដីព្រៃ សម្រាប់ធ្វើកសិកម្ម ឬតាំងទីលំនៅ។
គម្រោងព្រៃឡង់បៃតងបានដាក់អ្នកការពារសម្បុកបក្សី ដើម្បីការពារពីការគំរាមកំហែងទាំងនេះទៅលើសត្វទាំងនោះ។ ក្នុងរដូវបន្តពូជឆ្នាំមុនក្នុងចន្លោះខែមិថុនាឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំ ២០២១ សម្បុកសត្វសរុបចំនួន ១២៧ សម្បុក និងកូនសត្វចំនួន ២៣២ ដែលសុទ្ធជាប្រភេទសត្វកម្រត្រូវបានការពារ ក្រោមកម្មវិធីការពារសម្បុកសត្វស្លាបនៅខេត្តព្រះវិហារដែលគាំទ្រដោយគម្រោង USAID ព្រៃឡង់បៃតង។
គម្រោងព្រៃឡង់បៃតងបញ្ជាក់ថា៖ «កម្មវិធីបានជ្រើសរើសអ្នកការពារសម្បុកបក្សីសរុបចំនួន ៥៤ នាក់ ដើម្បីធ្វើជាអ្នកការពារសម្បុកបក្សី និងកូនរបស់ពួកវាពីការគំរាមកំហែង។ ប្រភេទសត្វដែលត្រូវបានការពារនៅក្នុងឆ្នាំនោះ រួមមានសត្វត្រយ៉ងយក្ស ត្រយ៉ងចង្កំកស សត្វក្រៀល ត្រដក់តូច កុកពាក់អំបោះ សត្វដំបងគ្រញូង សត្វពពូលទឹក ទាព្រៃស្លាបស និង សត្វត្មាតភ្លើង»។
គម្រោងបានផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកការពារសម្បុកសត្វជាប្រាក់ប្រចាំថ្ងៃ។ អាស្រ័យលើប្រភេទបក្សីរយៈពេលនៃការការពារអាចរហូតទៅដល់បីខែ ដោយចាប់ផ្តើមពីការរុករកសម្បុកពង និងបញ្ចប់នៅពេលដែលកូនរបស់ពួកវាញាស់បានជោគជ័យ។
ការសិក្សាជាច្រើនបានបង្ហាញថាកម្មវិធីការពារសម្បុកបក្សីមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការចូលរួមពីសហគមន៍ កម្មវិធីនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងសុខភាពប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់ជីវភាពសហគមន៍ និងពង្រឹងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពផងដែរ៕