អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បានប្រកាសថា​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ និង​វិធានការ​រដ្ឋបាល​ដោយ​មិន​លើកលែង ចំពោះ​បុគ្គល​ណា​ដែល​ល្មើស​នឹង​វិធានការ​នានា​ដែល​រដ្ឋបាលខេត្ត​បានដាក់​ចេញ បើទោះបីជា​ខេត្ត​លែង​មាន​ដាក់​កំណត់​នូវ​តំបន់​ក្រហម​ និង​តំបន់​លឿងទុំ​ក៏ដោយ ដោយសារ​ស្ថានភាព​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ មិនទាន់​បាន​បញ្ចប់​នៅឡើយ។

លោក​បាន​ថ្លែង​ដូចនេះ កាលពី​ថ្ងៃទី ០១ ខែតុលា ក្នុងពេល​ប្រគល់​យានយន្ត​ជូន​ម្ចាស់​ដើម​វិញ បន្ទាប់ពី​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ទុក ដោយសារ​តែ​ម្ចាស់​យានយន្ត​ទាំងនោះ បាន​ប្រព្រឹត្តល្មើស​នឹង​បម្រាម ហាម​ការធ្វើដំណើរ​ក្នុងពេល​ដែល​ក្រុង​សៀមរាប​ត្រូវ​បិទខ្ទប់ ដាក់​ជា​តំបន់​ក្រហម និង​ជា​តំបន់​លឿង រយៈពេល ២ សប្តាហ៍​កន្លងទៅ។

យានយន្ត​ដែល​ត្រូវបាន​ប្រគល់​ជូន​ម្ចាស់​វិញ​មាន ម៉ូតូ​ចំនួន ១៦៦ គ្រឿង , រថយន្ត​ចំនួន ៤ គ្រឿង និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ចំនួន ២ គ្រឿង។

លោក​បាន​ថ្លែងថា៖ «ពេលនេះ​យើង​មិនមាន​ការផាកពិន័យ​ ឬ​ដាក់ទោស​ទណ្ឌ​ទេ ប៉ុន្តែ​ទៅ​ពេលខាងមុខ​យើង​នឹង​រឹតបន្តឹង​ច្បាប់​ឱ្យ​កាន់តែ​តឹងរ៉ឹង​ជាងនេះទៀត ប៉ុន្តែ​លែងមាន​ការបិទ​ខ្ទប់​ហើយ។ បើ​បងប្អូន​មាន​ការល្មើស​ពី​វិធានការ​រដ្ឋបាល គឺ​ខ្ញុំ​នឹង​ចាត់វិធានការ​ឱ្យ​កាន់តែ​តឹងរ៉ឹង​ជាង​មុន ចាប់​ផាកពិន័យ រួមទាំង​ការមិន​ពាក់​ម៉ាស់ និង​ការជួបជុំ​ផឹកស៊ី​មនុស្ស​ច្រើន គឺ​ខ្ញុំ​ចាប់​ទាំងអស់»។

លោក ទៀ សីហា បាន​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឈប់​ឱ្យមាន​ការកំណត់​ជា​តំបន់​ក្រហម​ ឬ​បិទខ្ទប់​តំបន់​ផ្សេងៗ​ហើយ ដោយសារ​លោក​យល់ច្បាស់​ពី​ផលលំបាក​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​បងប្អូន​ត្រូវតែ​រក្សា ការពារ​សុខភាព មិនត្រូវ​ឱ្យ​ឆ្លង​វីរុស​កូវីដ ១៩ ឡើយ។

ចាប់ពី​ថ្ងៃទី ០១ ខែតុលា​ដែរ អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ធ្វើការ​ចុះពិនិត្យ​នៅ​តាម​ហាង​លក់ដូរ ភោជនីយដ្ឋាន ឬ​សេវាកម្មផ្សេងៗ​ដោយ​ត្រូវ​រៀបចំ​ការដាក់​គម្លាត​នៅក្នុង​ទីធ្លា​របស់​ខ្លួន ដោយ​ត្រូវការពារ​ទាំងអស់​គ្នា។

លោក​ ទៀ សីហា ថា ៖ «សម្រាប់​ម្ចាស់​ហាង​មាន​ការលក់ដូរ ភោជនីយដ្ឋាន ឬ​សេវាផ្សេងៗ សុំឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ដោយ​ទុកឱ្យ​ក្រុមការងារ​របស់​យើង​ធ្វើការ​ពិនិត្យ​ជាមុនសិន ហើយ​ប្រសិនបើ​មិនទាន់មាន​ការអនុញ្ញាត​ឱ្យ​បើក​ទេ ខ្ញុំ​សុំ​អធ្យាស្រ័យ សុំ​កុំ​ទាន់​អាល​បើកហាង​របស់ខ្លួន​អី ហើយ​ខ្ញុំ​សុំ​ឱ្យមាន​ការលក់​ដូចជា​ការវេចខ្ចប់ កុំ​ហូប​ ឬ​ប្រើ​សេវា​នៅក្នុង​ហាង​របស់ខ្លួន​អី»។

លោក​បាន​បន្តថា៖ «ទោះបីជា​យើង​លែងមាន​តំប់​បិទខ្ទប់​ក៏ដោយ តែ​ហានិភ័យ​ក៏​នៅតែមាន មិនមែន​មានន័យថា​ស្ថានភាព​របស់​យើង​មាន​ការធូរស្រាល​នោះឡើយ។ មួយវិញទៀត យើង​លែងមាន​ការធ្វើ​តេស្ត​បងប្អូន​ហើយ គឺ​បើ​បងប្អូន​មាន​ការសង្ស័យ​ថា​ខ្លួន​ឆ្លង​គឺ​ត្រូវ​ធ្វើ​ការទាក់ទង​ទៅ​អាជ្ញាធរ​ ឬ​ទៅតាម​ទីតាំង​ដែល​យើង​មាន​រៀបចំ​សម្រាប់​ធ្វើតេស្ត»។

លោក ទៀ សីហា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី ៣០ ខែកញ្ញា ថា រដ្ឋបាលខេត្ត​ធ្វើយ៉ាងណា​ឱ្យ​ខេត្តសៀមរាប ត្រឡប់​មករក​ភាព​ដើម​វិញ ដោយ​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​យ៉ាង​កុះករ ក្នុង​តំបន់​ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​ឡើងវិញ និង​អាច​រកប្រាក់​ចំណូល អាច​ទ្រទ្រង់​នូវ​តម្រូវការ​ជីវភាព​ឡើងវិញ។

លោក​ថា៖ «តែ​ជាការ​សោកស្តាយ​ណាស់​ដែល​កន្លងមក មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច ដែល​មិន​អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល របស់​ក្រសួង​សុខាភិបាល របស់​អាជ្ញាធរខេត្ត ព្រមទាំង​មាន​សកម្មភាព ប្រហែស ព្រហើន ឆ្លៀតឱកាស​ចំណេញ សប្បាយ​តែមួយ​គ្រា ធ្វើឱ្យ​មាន​ការឆ្លង​នៃ​ជំងឺ​នេះ​កាន់តែ​ច្រើនឡើងៗ ដោយ​មិនបាន​គិតពី​ផលប្រយោជន៍​រួម មិន​បាន​គិតពី​ផលប៉ះពាល់​ដល់​អ្នកដទៃ។ ខ្ញុំ​នឹង​ស្នើ​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី ដាក់​តំបន់​ក្រហម​ឡើងវិញ នា​ពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​បន្ត​បំពាន មិន​អនុវត្តតាម​វិធានការ​សុខាភិបាល ៣ការពារ ៣កុំ បណ្តាលឱ្យ​ឆ្លង​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​ម្តងទៀត»៕

វីដេអូ៖