​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩​ ក្នុងប្រទេស​កម្ពុជា ​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ​១៨ ​ឆ្នាំ​ឡើង សម្រេចបាន​ចំនួន​ជាង ​៩,៩ ​លាន​នាក់​ហើយ ​ឬ​ស្មើនឹង ​៩៩,១១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​ លាន​នាក់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​រំពឹងថា ​នឹង​សម្រេច​មុន​ផែនការ​កំណត់​នៅក្នុង​ខែតុលា​នេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី ​០២ ខែ តុលា ឆ្នាំ​ ២០២១​។​

​របាយការណ៍​ដដែល​បានឱ្យដឹងថា​សម្រាប់​ការចាក់​វ៉ាក់សាំង​លើ​ក្រុមមនុស្ស​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ បាន​ចំនួន​ជាង​ ១,៧​ លាន​នាក់​ហើយ ​ដែល​ស្មើនឹង ៨៩,៦១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ជិត​២​ លាន​នាក់ ខណៈដែល​កុមារ​អាយុ​ពី ០៦ ​ឆ្នាំ ដល់​ក្រោម ១២ ​ឆ្នាំ ចាក់​វ៉ាក់សាំង​បាន​ចំនួន​ជាង ​១,៧ ​លាន​នាក់ ឬ​ស្មើនឹង ៩២,៣២% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជាង ១,៨​ លាន​នាក់​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា៖ «​សម្រាប់​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ប្រជាជន​សរុប​ចំនួន ​១៦ ​លាន​នាក់​នៅ​ទូទាំងប្រទេសកម្ពុជា ​បាន​ចាក់​វ៉ាក់សាំង​ទៅដល់​ពលរដ្ឋ​របស់ខ្លួន​បាន​ជាង ​១៣ ​លាន​នាក់​ហើយ ​ដែល​ស្មើនឹង​ ៨៣,៩១%»​។​

​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ធ្លាប់បាន​លើកឡើងថា ជាធម្មតា​កាលណា​អ្នករត់​ខិតជិត​មកដល់​គោលដៅ គឺ​អ្នករត់​ហត់ ហើយ​ខំប្រឹង​ដើម្បី​បាន​ទៅដល់​គោលដៅ​កំណត់​។​

​លោកស្រី​ថា៖ «​តាម​ការសង្កេត​របស់​យើង ឥឡូវ​អ្នករត់​មិន​ហត់​ទេ គឺ​កំពុងតែ​ប្រឹង​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យទៅដល់​គោលដៅ ប៉ុន្តែ​រឿង​មួយទៀត​គឺ​នៅពេលដែល​យើង​ខិតជិត​មកដល់​គោលដៅ​កំណត់ មានន័យថា បងប្អូន​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​គឺ​សឹងតែ​គ្រប់គ្នា​ហើយ នៅតែ​ចំនួន​រប៉េសរប៉ោះ​ប៉ុណ្ណោះ​ ដែល​អ្នក​នៅសល់​គឺ​នៅ​ដាច់ស្រយាល​»​។​

​លោកស្រី ​ឱ វណ្ណឌី​ន បាន​បន្ថែមថា លោកស្រី​រំពឹងថា​ ការចាក់​វ៉ាក់សាំង​ដល់​ក្រុម​អាយុ​ ១៨ ​ឆ្នាំ​ឡើង ​នឹង​សម្រេចបាន​តាម​គោលដៅ​កំណត់​ចំនួន​ ១០ ​លាន​នាក់​នៅក្នុង​ខែតុលា​នេះ​៕