ឧត្តរមានជ័យ៖ អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ​សម្រេច​ស្ដីពី​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​រហូតដល់ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១។

តាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ លោក ប៉ែន កុសល អភិបាលខេត្ត​ឧត្តមានជ័យ​កាលពី​ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹងថា ហាម​ដាច់ខាត​នូវ​រាល់​ការលក់​ចែកចាយ​ស្រា ស្រាបៀរ រួម​នឹង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល (បណ្តាល​ឱ្យ​ស្រវឹង) ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​ក្នុង​ថិរវេលា​កំណត់​ដូច​មានចែង​ក្នុង​សេចក្តី​សម្រេច​នេះ​ជា​កំហិត។

សេចក្តី​សម្រេច​នេះ​បន្តថា រាល់​ការបម្រើ​សេវាកម្ម​របស់​តូប​អាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និង​ភោជនីយដ្ឋាន នៅតាម​សណ្ឋាគារ។ល។ ត្រូវតែ​គោរព​ឱ្យខាង​តែ​បាន​នូវ​វិធានការ​អនាម័យ ដូចជា​ការរៀបចំ​ជែល/អាល់កុល បាញ់សម្លាប់​មេរោគ និង​ការរក្សា​តម្លាត​សុវត្ថិភាព​បុគ្គល​ជាដើម ។ល។ ស្របតាម​ការណែនាំ និង​វិធាន​សុខាភិបាល​ក្នុង​ការបម្រើ​សេវាកម្ម​របស់​ខ្លួន ពិសេស​លើកទឹកចិត្ត​អតិថិជន​ក្នុង​ការប្រើ​ជម្រើស​សេវាកម្ម​បែប​វេចខ្ចប់ និង​ហាម​ការបម្រើ​សេវា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជាដាច់ខាត។

សេចក្តី​សម្រេច​នេះ​បញ្ជាក់ទៀតថា ហាមឃាត់​ជា​បណ្តោះអាសន្ន​ការធ្វើសកម្មភាព មុខរបរ និង​អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ និង​សកម្មភាព​មុខរបរ​អាជីវកម្ម​ដែល​នឹង​បង្កឱ្យមាន​ស្ថានភាព​ប្រឈម​ដែល​កំណត់​របស់​អាជ្ញាធរ អនុលោម​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ចំពោះ​រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវបាន​ហាមឃាត់ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ ការរៀបចំ​ជែល​អាល់កុល​បាញ់សម្លាប់​មេរោគ ការវាស់កម្តៅ ការប្រើប្រាស់​ប្រព័ន្ធ QR Coxe “ទប់ស្កាត់​កូវីដ“ (Stop Covid) និង​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ជាដើម ។ល។ ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ “៣ការពារ និង ៣កុំ។

លោក​ ឌី រ៉ាដូ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​នៅ​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ នេះ ពន្យល់ថា សេចក្តី​សម្រេច​នេះ គឺជា​វិធានការណ៍​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅក្នុង​មូលដ្ឋាន​ខេត្ត​ឧត្តរមានជ័យ។

លោក​បន្តថា បើទោះបី​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ទទួលបាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ស្ទើរតែ​គ្រប់គ្នា​ក៏ដោយ ក៏​រដ្ឋបាលខេត្ត​អំពាវនាវ​ឱ្យ​អនុវត្ត ៣កុំ ៣ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូវីដ ១៩ មិនឱ្យ​មាន​ការឆ្លង​រីករាលដាល​បន្តទៀត​នៅក្នុង​មូលដ្ឋាន​ខេត្ត។

លោក​ថ្លែងថា៖ «ការឆ្លង​នូវ​ជំងឺ​កូវីដ ១៩ នៅក្នុង​ខេត្ត​មាន​ការថយចុះ​ច្រើន ប៉ុន្តែ​វិធានការណ៍​នៅតែ​បន្ត​អនុវត្ត​ដដែល ព្រោះ​ជំងឺ​កូវីដ ១៩ មិន​ទៅណា​ឆ្ងាយ​ពី​ខ្លួន​យើង​នៅឡើយ​ទេ»។

បើតាម​លោក ឌី រ៉ាដូ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ ១៩ មាន​ជិត ២០០០ នាក់ កំពុង​ធ្វើ​ចត្តាឡីស័ក​ចំនួន​ជាង ១ ០០០ នាក់ និង​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ហើយ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​មាន​ចំនួន​ជាង ៥ ០០០នាក់ ៕