មន្ត្រី​អគ្គនាយដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់ ក​.​ប​.​ប​. រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៨ ទីតាំង​បន្ថែមទៀត​ក្នុងចំណោម ១៤ ទីតាំង នៅ​ខេត្តសៀមរាប​ និង​ខេត្តកំពង់ចាម​បាន​ល្មើ​សនឹង​ច្បាប់​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានឱ្យដឹង​នៅ​ថ្ងៃទី ២ តុលា​ថា ក្នុងចំណោម​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ១៤ ទីតាំង ​នៅក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម​ដែល​មន្ត្រី ​ក​.​ប​.​ប​. បាន​ត្រួតពិនិត្យ​គឺមាន ៨​ទីតាំង ​ហើយ​ដែល​ត្រូវបាន​រកឃើញថា​ មិន​អនុលោម​ទៅតាម​ច្បាប់​។

​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​.​បាន​បញ្ជាក់ថា​៖ «​ការចុះ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើឡើង​នា​ថ្ងៃទី ​២ ខែ តុលា ឆ្នាំ ​២០២១ ដេប៉ូ​ដែល​ប្រព្រឹត្តល្មើស​ទាំងនោះ ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​ពិន័យ និង​ណែនាំ​ឱ្យ​កែតម្រូវ​»​។​

​លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​. ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣ តុលា​ថា ​ក្នុងឱកាស​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ មន្ត្រី​អគ្គនាយកដ្ឋាន​នៅ​ទូទាំងប្រទេស​នឹង​នៅតែ​បន្ត​ចុះ​ត្រួត​ព​ពិនិត្យ​រាល់​ទីតាំង​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ដដែល ដើម្បី​ចៀសវាង​ជនខិលខូច​ឆ្លៀត​យក​ឱកាស​នេះ កេ​ញ​ចំណេញ​លើ​អ្នកប្រើប្រាស់​។​

​សូមជម្រាបថា​ ក្នុង​រយៈពេល​មួយខែ​នៃ​ខែកញ្ញា មន្ត្រី​ ក​.​ប​.​ប​. ​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ​ប​ប្រេង​ទូទាំងប្រទេស​ជិត ៥០០ ទីតាំង ​ដោយ​ក្នុង​នោះបាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេង​ចំនួន ២២៤ ស្ថានីយ​/​ដេប៉ូ​ផង​ដែលមាន​ភាពមិន​អនុលោម​តាមច្បាប់ ហើយ​ធ្វើ​ការពិន័យ​តាម​គោល​ការ​ច្បាប់​៕