
ក្រសួងធនធានទឹក ឱ្យពលរដ្ឋដែលនៅសងខាងស្ទឹងសែនប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង ខណៈកម្ពស់ទឹកកំពុងឡើង។ រូបថត ក្រសួងធនធានទឹក
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងសែនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំនន់ទឹកភ្លៀង ខណៈនៅតាមស្ថានីយក្នុងខេត្តដែលនៅជាប់ស្ទឹងនេះ ទឹកកំពុងឡើងខ្ពស់ នៅព្រឹកថ្ងៃទី ៣ ខែតុលានេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣ ខែតុលានេះបានឱ្យដឹងថា ប្រទេសកម្ពុជាបាននិងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីមធ្យម ហើយបន្តទៅមុខទៀតនឹងទទួលឥទ្ធិពលផ្សេងថែមទៀត។
បើតាមក្រសួង ស្ថានភាពបែបនេះធ្វើឱ្យរយៈពេលប៉ុន្មានថ្ងៃកន្លងមកមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឱ្យកើតមានជាជំនន់ទឹកភ្លៀង ហើយទឹកនេះនឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំតាមរយៈស្ទឹងសែន។
ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមការពិនិត្យកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រតាមដងស្តឹងសែន នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ បង្ហាញថា នៅស្ថាននីយស្ពានដូនម៉ា ឃុំរក្សា ខេត្តព្រះវិហារ ទឹកមានកម្ពស់ ១៣,៥៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,៣៤ ម៉ែត្រ។
ដោយឡែកនៅស្ថានីយសណ្តាន់ ខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៨,២៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,១០ ម៉ែត្រ។ ចំណែក នៅស្ថានីយខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៣,៣១ ម៉ែត្រ ទឹកនៅនឹងដដែល។
ក្នុងសេចក្តីជូនដំណឹងក្រសួងសរសេរថា «យោងលើស្ថានភាពកម្ពស់ទឹកដូចមានជម្រាបជូនខាងលើ ក្រសួងស្នើឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ» ៕
វីដេអូ៖