នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តបាត់ដំបង​ បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការខេត្ត​នៅថ្ងៃនេះ​ ពាក់ព័ន្ធ​ការរំលោភ​សេពសន្ថវៈ​ក្មួយ​ស្រី​សាច់ថ្លៃ​ម្នាក់ ​នៅ​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​

​លោកស្រី ​រស់​ ជីវី​ ស្នងការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣ ​តុលា​នេះ​ថា ​ជនសង្ស័យ​ឈ្មោះ​ ត្រា ​ថាវ ​អាយុ​ ៤៣​ ឆ្នាំ ​ត្រូវបាន​សមត្ថកិច្ច​របស់​លោកស្រី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី ​៣ ​តុលា​។​

​លោកស្រី​ថា​៖ «​រឿងនេះ​ យើង​បាន​សួរចម្លើយ​ជនសង្ស័យ​រួចហើយ​ ហើយ​យើង​បញ្ជូន​គាត់​ទៅ​តុលាការ​នៅថ្ងៃនេះ​ (​ថ្ងៃទី ​៣ ​តុលា​)»​។​

​លោក​ ឈួ​យ ​ទិ​ត្យ​សុភា​ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​តា​គី​ឱ្យដឹង​នៅ​ថ្ងៃទី ​៣​ តុលា​ថា ​ក្មេងរងគ្រោះ​ឈ្មោះ​ ម​.​ស​ អាយុ​ ១៣​ ឆ្នាំ ​រស់នៅក្នុង​ឃុំ​អូរ​តា​ គី​ស្រុក​ថ្មគោល​ជាមួយ​ជនសង្ស័យ​ដែរ​។​

​លោក​ប្រាប់ថា​ ការឃាត់ខ្លួន​ជនសង្ស័យ​គឺ​ធ្វើតាម​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​អាយុ​ ៦៥ ​ឆ្នាំ ​ជាយា​យ​បង្កើត​របស់​ក្មេងរងគ្រោះ​កាលពី​ថ្ងៃទី​ ៣០​ កញ្ញា ​ឆ្នាំ ​២០២១ ​ដោយ​ឪពុកម្តាយ​របស់គេ​ទៅធ្វើ​ការ​នៅ​ខេត្ត​ឆ្ងាយ​។ ​នៅក្នុង​ពាក្យបណ្តឹង​បាន​ចោទថា​ឈ្មោះ​ ត្រា ​ថាវ ​ភេទ​ប្រុស (​ត្រូវជា​កូនប្រសារ​) អាយុ​ ៤៣ ​ឆ្នាំ ​បាន​ចាប់រំលោភ​ចៅស្រី​របស់គាត់​កាលពី​វេលា​ម៉ោង​ប្រហែល ​១០ ​យប់​ ថ្ងៃទី​ ២៨​ កញ្ញា ​ក្នុង​បរិវេណ​ដីឡូត៍​នៃ​ផ្ទះ​របស់គាត់​។​

​លោក​ ទិ​ត្យ​សុភា ​បន្តថា ​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​មក​លោក​បាន​រាយការណ៍​ទៅ​លោក​សេង​លុច​អធិការនគរបាល​ស្រុក​ថ្មគោល​ហើយ​លោក​បាន​ចាត់​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី ​១ ​ខែ តុលា​ ឆ្នាំ ​២០២១​។​

​លោក​បន្ថែមថា​៖ «​ជនសង្ស័យ​បានទទួល​ស្គាល់​អំពី​ការប្រព្រឹត្ត​របស់គាត់​មែន​។ ​គាត់​ជា​ប្តី​ចុង​របស់​មីង​ក្មេងរងគ្រោះ​ផង​»៕