ភ្នំពេញៈ ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​បើក​រដូវ​នេសាទ​សម្រាប់​ការនេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប តាម​បណ្ដា​រាជធានី-ខេត្ដ សម្រាប់​រដូវ​បើក​នេសាទ ឆ្នាំ ២០២១-២០២២ ក្នុងនោះ​ខេត្ដ​មួយចំនួន​នឹង​បើក​នេសាទ​ចាប់ពី​ថ្ងៃទី ១ ខែតុលា ដល់​ថ្ងៃទី ៣១ ខែឧសភា និង​មួយចំនួន​ទៀត ចាប់ពី​ថ្ងៃទី ១ ខែវិច្ឆិកា ដល់​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំក្រោយ។

រដ្ឋបាល​ជលផល​បាន​ជូនដំណឹង​ដល់​សាធារណជន និង​អ្នកនេសាទ​ទាំងអស់​ថា រដូវ​បើក​នេសាទ​សម្រាប់​ការនេសាទ​នៅក្នុង​ដែន​នេសាទ​ទឹកសាប ត្រូវ​បាន​កំណត់ គឺ​ចាប់ពី​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ ដល់​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ ចំពោះ​ដែន​នេសាទ​ទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និង​មួយផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេ​ចតុមុខ។ ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពី​ថ្ងៃទី ១ ខែតុលា​នេះ រហូតដល់​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ២០២២។

ចំណែក​ការបើក​រដូវ​នេសាទ​នៅ​ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង មួយផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ គឺ​ចាប់ពី​ថ្ងៃទី ១ ខែវិច្ឆិកា ដល់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។

រដ្ឋបាល​ជលផល​បញ្ជាក់ថា៖ «នៅក្នុង​រយៈពេល​បើក​នេសាទ​នេះ អ្នកនេសាទ​ទាំងអស់​ត្រូវ​ប្រើ​ឧបករណ៍​នេសាទ​ដែល​អនុញ្ញាត​ឱ្យធ្វើ នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប ស្រប​តាម​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន»។

បើតាម​រដ្ឋបាល​ជលផល ចំពោះ​អ្នកនេសាទ​ដែល​មាន​បំណង​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍ «ម៉ាញ់» នៅ​ដង​ទន្លេមេគង្គ និង ដង​ទន្លេសាប ក្នុង​ទីតាំង​ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ត្រូវ​អញ្ជើញ​មក​ទំនាក់ទំនង​សុំ​លិខិតអនុញ្ញាត​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត​ពាក់ព័ន្ធ ដើម្បី​ទទួល​ការណែនាំ​ពី​សមត្ថកិច្ច​ជំនាញ​ជលផល​អំពី​បច្ចេកទេស និង បទបញ្ជា​នានា ដែល​ពាក់ព័ន្ធ​ដល់​ការធ្វើ​នេសាទ៕

វីដេអូ៖