ភ្នំពេញៈ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​សម្រាប់​ថ្ងៃទី​ ២​ តុលា​ បាន​កើតឡើង​ចំនួន​ ៨​ ករណី ​បណ្ដាល​ឱ្យស្លាប់​ចំនួន​ ៣​ នាក់​ និង​ ៨​ នាក់​ទៀត​រងរបួស ​ក្នុងនោះ​របួសធ្ងន់ ​៥ ​នាក់ ​និង​របួសស្រាល​ ៣​ នាក់​ ដែល​គ្រោះថ្នាក់​នេះ​រាប់បញ្ចូល​ទាំង​ ១ ​ករណី ​ដែល​បានកើត​ឡើង​នៅ​ផ្លូវជាតិ​លេខ ​៤ ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៧៤-៧៥ ក្នុងភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នៅ​ថ្ងៃទី​ ២ ខែ តុលា ​ឆ្នាំ ​២០២១ បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣​ នាក់ (​ស្រី ​១ ​នាក់​) របួសធ្ងន់​ ៥​ នាក់ និង​របួសស្រាល ៣ នាក់​ (​ស្រី ១ នាក់​)​។​

​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នេះ​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​ ១១ ​នាក់​នេះ កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា បើកបរ​មិន​គោរព​សិទ្ធិ និង​មិន​ប្រកាន់​ស្ដាំ​។

​តាម​របាយការណ៍​ដដែល​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី ​២ ​ខែតុលា ​កាលពី​ម៉ោង​ ៥​ និង​ ៤០ ​នាទី​ព្រឹក ​នៅលើ​ផ្លូវជាតិ​លេខ ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៧៤-៧៥ ក្នុងភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​គឺ​កើតឡើង​រវាង​រថយន្ត ​២ ​គ្រឿង ​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​ ៣ ​នាក់​រងរបួស​ធ្ងន់​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា រថយន្ត​ទី ​១ ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ​កោះកុង 3A-0782 បើកបរ​ដោយ​ឈ្មោះ សំ សុ​វណ្ណា​រ៉ុង ភេទ​ប្រុស អាយុ ២៤​ ឆ្នាំ រស់នៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដែលមាន​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

​លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​ ១ ​គ្រឿង​ទៀត ម៉ាក Hyundai ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3J-0551 ​បើកបរ​ដោយ​ជន​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​កំពុង​បើកបរ​

​បញ្ច្រាសទិស​គ្នា​បណ្ដាល​របួសធ្ងន់​ទាំង ​៣ ​នាក់​ និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ទាំងអស់គ្នា​។ ​នេះ​បើតាម​របាយការណ៍​ដដែល​។​

​បច្ចុប្បន្ន​រថយន្ត​ទាំង ​២ ​គ្រឿង ​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​​អូរ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។ ​នេះ​បើតាម​ការបញ្ជាក់​ក្នុង​របាយការណ៍​៕