នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​កាត់​ក្រី និង​ដកហូត​ដើម​ចំនួន ១៦ ដើម ​ដែលជា​ដើមឈើ​មាន​ហានិភ័យ​ខ្ពស់ និង​បាំង​ទេសភាព​នៅ​បរិវេណ​ប្រាសាទក្រវ៉ាន់​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​។​

​ការចុះ​បំពេញ​សកម្មភាព​នេះ​បានធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ​ បន្ទាប់​ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន រួមជាមួយ​ផ្នែក​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ និង​អនុវត្ត​វិធានការ​បន្ទាន់​ចំពោះ​ដើមឈើ​ចំនួន​ ១៦​ ដើម​ ដែលមាន​ហានិភ័យ​ខ្ពស់ នៅ​បរិវេណ​ប្រាសាទក្រវ៉ាន់​។​

​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​បាន​បញ្ជាក់ថា​៖ «​ការងារ​ធ្វើឡើង​ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ចៀសវាង​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការ​ទស្សនា​ទេសភាព ​ជុំវិញ​ប្រាសាទក្រវ៉ាន់​ផង​»​។​

​បើតាម​នាយកដ្ឋាន​នេះ​ដើមឈើ​ដែល​បាន​កាត់​ដកហូត​រួមមាន ដើម​អំពិល​ងាប់ ​១ ​ដើម និង​ពុទ្រា ​៣ ​ដើម ​(​ផ្កា​មាន​ក្លិនស្អុយ​)​។ ចំណែកឯ​ដើមឈើ​ដែល​បាន​កាត់​ក្រី​មែក ​១២ ​ដើម រួមមាន ឈើទាល​ ១០ ​ដើម អង្កាញ់​ ១ ​ដើម និង​ត្រាង​អោប​ចំបក់​ ១ ​ដើម ដែលមាន​មែក​សាខា​ច្រើន ដុះ​ក្បែរ​ប្រាសាទ និង​ផ្លូវ​ចូល​ប្រាសាទ ត្រូវបាន​កាត់​ក្រី​ ៣៧ ​មែក​ចេញ ដើម្បី​សម្រាល​តួ​ដើម ចៀសវាង​ដួលរលំ​មកលើ​ប្រាសាទ និង​ភ្ញៀវទេសចរ​។​

​សូមជម្រាបថា​ប្រាសាទក្រវ៉ាន់​មាន​ទីតាំង​ស្ថិតនៅ​ខាងកើត​ប្រាសាទអង្គរវត្ត និង​ខាងត្បូង​ប្រាសាទបន្ទាយក្តី ត្រូវបាន​កសាង​នៅ​ឆ្នាំ ​៩២១ ក្នុង​រាជ​ព្រះបាទ​ហ​ស៌​វរ្ម័នទី​១ ឧទ្ទិស​ដល់​ព្រះ​វិស្ណុ (​ព្រះ​នារាយណ៍​) ក្នុង​ព្រហ្មញ្ញសាសនា​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាងថា​ភ្ញៀវទេសចរ​តែងតែ​លង់​នឹង​សម្រស់​ដ៏​ស្រស់ត្រកាល ព្រមទាំង​ផ្ដិត​យក​រូបភាព​ស្អាតៗ​របស់​ប្រាសាទក្រវ៉ាន់ ដែលមាន​វ័យ​ចំណាស់ក្នុងចំណោម​ប្រាង្គ​ប្រាសាទបុរាណ​នានា​ ខណៈដែល​ប្រាសាទ​សង់​ពី​ឥដ្ឋ​នេះ មាន​តួ​ប៉ម​ប្រាំ​ដែល​បែរមុខ​ទៅ​ទិសខាងកើត និង​មាន​ចម្លាក់​នៅលើ​ឥដ្ឋ​មាន​លក្ខណៈ​ល្អឥតខ្ចោះ ដោយ​រំលេច​នូវ​រូបភាព និង​ក្បូរ​ក្បាច់ចម្លាក់​ច្បាស់ៗ​គួរឱ្យ​ចង់​គយគន់​។ ទោះបីជា​ប្រាសាទ​នេះ​មាន​លក្ខណៈ​តូច ប៉ុន្តែ​ចម្លាក់​ឥដ្ឋ​ទាំងនោះ​នៅមាន​លក្ខណៈ​ល្អឥតខ្ចោះ និង​ជាទី​គាប់ចិត្ត​សម្រាប់​ភ្ញៀវទេសចរ​។ នេះ​បើតាម​ការអះអាង​របស់​ស្ថាប័ន​នេះ​៕