​ខេត្តតាកែវៈ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ បន្ត​​ចុះ​ទៅ​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់​បាន​ចំនួន ៤ ទីតាំង និង​អាង​ស្តុ​ក​ទឹក​ចំនួន ៣ អាង នៅ​ចំណុច​ដុប​ដា​ដំរី​លេង​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ឃុំ​ព្រះ​បាទ​ជាន់ជុំ​ ស្រុក​គិរីវង់​​។ ​លោក ​យុគ​ សា​រ៉ា​ត​ អធិការនគរបាលស្រុក​គិរីវង់​ ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី៣ ខែតុលានេះ​។

លោក យុគ សារ៉ាត បាន​ថ្លែង​ថា ការ​បន្ត​​ចុះ​​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់នេះ គឺ​អនុវត្តន៍​តាម​ការ​ណែនាំ​ និង​បទបញ្ជា​ដឹកនាំ​ របស់​​លោក​ សុខ​ សំណាង​ ស្នងការ​ នៃស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ក្នុង​ការ​បន្ត​សកម្មភាព​របស់​កង​កម្លាំង​នគរបាល​ខេត្ដ ចុះ​ជា​ប្រចាំ​ក្នុង​ការ​ បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់​ឱ្យ​​ដូច​ភ្លៀងរលឹម​ និង​ជា​ពិសេស​អនុវត្តន៍​គោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព។​

លោក​បាន​ឱ្យដឹង​ថា នៅ​​ថ្ងៃទី​២​ ខែតុលា​ ឆ្នាំ​២០២១​ លោក​បាន​ដឹក​នាំ​​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​ ១២ ​ប៉ុស្តិ៍​ ឡើង​លើ​ភ្នំ​ស្វែង​រុករក​ និង​កាប់​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​លួច​ដាំ​ខុសច្បាប់​បាន​ចំនួន​ ៤ ​ទីតាំង​ អាង​ស្តុ​ក​ទឹក​ចំនួន​ ៤​ អាង​ នៅ​ចំណុច​ដុប​ដា​ដំរី​លេង​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ឃុំ​ព្រះ​បាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ ៤៣៧ ​ម៉ែត្រការ៉េ​។​

លោក យុគ សារ៉ាត បញ្ជាក់ថា៖«បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ខាងលើ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ផង​ដែរ​»។

លោក លី សា​វេត អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​តាកែវ បាន​ឱ្យដឹង​ថា ​សកម្មភាព​ជនខិលខូច​លួច​ដាំ​ក​ញ្ជា តែង​តែ​កើតមានឡើង ពី ៣​ ទៅ​ ៤ លើក​ក្នុង ១​ ឆ្នាំៗ នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​តាកែវ។ ជនខិលខូច​លួច​ដាំ​កញ្ឆា​នេះ នៅតាម​ទីតាំង​ចន្លោះ​ភ្នំ ព្រោះ​អំណោយផល​ចំពោះ​ការលូតលាស់។ ហើយ​​ភូមិសាស្ដ្រដែល​ជនខិលខូចលួចដាំនេះ បង្ក​ផល​លំបាកដល់​សមត្ថ​កិច្ច​ក្នុង​ការ​​ស្វែងរក និង​បង្ក្រាប។

លោក​ថ្លែងថា៖«អ្នក​​ដាំ​ដំណាំ​កញ្ឆា ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ ពួកគាត់​លួច​ដាំ ​ដើម្បី​យកទៅ​ធ្វើជា​កញ្ឆា​ក្រៀម រួច​លក់​បន្ត​ទៅឱ្យ​ឈ្នួ​ញ។ ក្រោយ​បង្ក្រាបបាន សមត្ថកិច្ច​យើង​បានឱ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យាបញ្ឈប់​សកម្មភាព។ យើង​មិន​បាន​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ដល់​ពួកគាត់​ទេ ព្រោះ​មិនមែនជា​ការប្រព្រឹត្ត​ទ្រង់​ទ្រាយ​ធំ»។

លោក សា​វេត បាន​ឱ្យដឹង​ថា មូល​ហេតុដែល​ពលរដ្ឋ​បន្ត​លួច​ដាំ​​ដំណាំ​​កញ្ឆា​នេះ ដោយសារ​យកទៅលក់​ឱ្យ​ឈ្មួ​ញ​បាន​តម្លៃថ្លៃ ​ដូច្នេះ​ទើប​ពួកគាត់​ ប្រថុយ​ដាំ​ ទោះបីជា​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប និង​ឱ្យធ្វើ​កិច្ចសន្យា​ជា​បន្តបន្ទាប់​ក៏ដោយ៕