ភ្នំពេញៈ វិស័យ​ឯកជន​ និង​សាធារណៈ​កាលពី​ថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២១ បានដាក់​ឱ្យប្រើប្រាស់​វីដេអូ​ចំណេះដឹង​ហិរញ្ញវត្ថុ និង​មគ្គុទ្ទេសក៍​ហិរញ្ញវត្ថុ” ក្រោម​ជំនួយ​ពី ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID ដើម្បី​ដំណោះស្រាយ​ដល់​សហគ្រិន​ស្រី្ត​ឱ្យមាន​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បានលើកឡើង​ថា វីដេអូ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​មគ្គុទ្ទេសក៍​ហិរញ្ញវត្ថុ​នេះ​នឹង​ផ្តល់​ជា​មាគ៌ា​ដល់​សាធារណជន​ទូទៅ អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ជាពិសេស​សហគ្រិន​ស្ត្រី​វ័យក្មេង​ឱ្យ​យល់ដឹង​ពី​ដំណើរការ​ពេញលេញ ការទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ភាពវៃឆ្លាត។

លោកស្រី សាប៊ីន ឃៅគឹស ប្រធាន​អង្គការ​ផេក​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​សហគ្រិន​នារី​សកម្ម​បាន​ឱ្យដឹង​ដែរ​ថា មគ្គុទ្ទេសក៍​ហិរញ្ញវត្ថុ វីដេអូ​ចំណេះដឹង​ហិរញ្ញវត្ថុ និង​ផលិតផល​ហិរញ្ញប្បទាន​ទាំងនេះ​មាន​គោលបំណង​ដោះស្រាយ​បញ្ហា​ជាច្រើន​ជុំវិញ​ការទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​វ័យក្មេង។

លោកស្រី​បន្តថា វិធីសាស្ត្រ​ដោះស្រាយ​ដោយ​បង្កើន​ចំណេះដឹង ការយល់ដឹង ក៏ដូចជា​ការផ្តល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​យ៉ាងពិត​ប្រាកដ​អាចជា​វិធីសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការផ្ដល់​ឱ្យ​ស្ត្រី​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ។

លោកស្រី​ថ្លែងថា៖ «យើង​នឹង​ធ្វើឱ្យ​សម្ភារ​ទាំងនេះ​អាច​ប្រើប្រាស់​បាន​សម្រាប់​ដៃគូ​ដែល​ធ្វើការ​ផ្នែក​ហិរញ្ញវត្ថុ និង​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត»។

បើតាម​លោកស្រី សាប៊ីន ឃៅគឹស អ្នកចូលរួម​ជាង ២០០ នាក់​ដែល​តំណាងឱ្យ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​ព្រឹត្តិការណ៍​នេះ​រួមមាន​ស្ថានទូត​អាមេរិក ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្រុមហ៊ុន​វីង ក្រុមហ៊ុន​ប៊ូសខេភីថល ក្រុមហ៊ុន​ ស៊ី-អ៊ីនវេសមិន និង​ក្រុម​សន្សំ​ប្រាក់​នារី ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ក្រៅរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថាន​អប់រំ ស្ថាប័នរដ្ឋ និង​សហគ្រិន​ស្ត្រី​វ័យក្មេង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ក្រុមហ៊ុន​វីង​ថ្លែងថា ស្ត្រី​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា។ ពួកគេ​គ្រប់គ្រង​អាជីវកម្ម​ខ្នាតតូច ហើយ​ជាធម្មតា​ទទួល​ខុសត្រូវ​ចំពោះ​លំហូរ សាច់ប្រាក់​សម្រាប់​គ្រួសាររៀងៗ​ខ្លួន​ទៀតផង។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​ឧបករណ៍​ដ៏សំខាន់​សម្រាប់​សហគ្រិន​ស្ត្រី ព្រោះ​វា​ផ្តល់ឱ្យ​ពួកគេ​នូវ​ចំណេះដឹង​ដ៏​សំខាន់​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​គ្រប់គ្រង​ថវិកា​របស់​ពួកគេ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល"។

លោក​បន្តថា មគ្គុទ្ទេសក៍​ហិរញ្ញវត្ថុ ជា​ផែនទី ជួយ​សហគ្រិន​ស្ត្រី​វ័យក្មេង ក្នុងការ​សម្រេចចិត្ត​ដ៏មាន​ប្រសិទ្ធភាព​មុននឹង​ធ្វើការ​សន្និដ្ឋានថា តើ​ពួកគេ​ត្រូវការ​ហិរញ្ញវត្ថុ និង​កំណត់​ប្រភេទ​នៃ​ហិរញ្ញវត្ថុ​សមស្រប​នឹង​លក្ខខណ្ឌ​របស់​ពួកគាត់​រួមមាន ទំហំ​អាជីវកម្ម កម្រិត​នៃ​ការអភិវឌ្ឍ ទំហំ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន ការផ្លាស់ប្តូរ​បរិយាកាស និង​លទ្ធភាព​ទទួលបាន​ចំណេះដឹង​ហិរញ្ញវត្ថុ​ជាដើម។ មគ្គុទ្ទេសក៍​ហិរញ្ញវត្ថុ​នេះ​ក៏បាន​ភ្ជាប់​នឹង​តំណ​ផ្សេងៗ​ដែល​អង្គការ​ផ្សេងទៀត​បាន​ផលិត​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះ។

លោកស្រី ស៊ីលា ប៊យ សហ​ស្ថាបនិក​ និង​នាយិកា​ប្រចាំ​ក្រុមហ៊ុន​ស៊ីម៉ិនវេស​មិនបាន​ថ្លែងថា គម្រោង​នេះ​ពិតជា​បង្ហាញ​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ដោយ​ផ្តោតលើ​សហគ្រិន​ស្ត្រី​វ័យក្មេង​ និង​សំឡេង​របស់​ពួកគាត់។

លោកស្រី​បញ្ជាក់ថា៖ «យើង​មាន​មោទនភាព​ និង​រីករាយ​ដែល​បាន​ចូលរួមចំណែក​រហូតមក​ដល់ពេលនេះ ហើយ​ទន្ទឹងរង់ចាំ​មើល​ធនធាន​ទាំងនេះ​ជួយ​ស្ត្រី​ក្នុង​ការសម្រេច​ចិត្ត​ពី​ហិរញ្ញវត្ថុ ដោយមាន​ព័ត៌មាន​ច្បាស់លាស់​នាពេល​អនាគត» ។

លោកស្រី បន្តថា វីដេអូ​ចំណេះដឹង​ហិរញ្ញវត្ថុ ៩ វគ្គ​នឹង​លើកកម្ពស់​ការយល់ដឹង​ និង​បង្កើន​ចំណេះដឹង​ទាក់ទង​នឹង​មូលដ្ឋានគ្រឹះ​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​ស្ត្រី​វ័យក្មេង​ដើម្បី​ពង្រឹង​អាជីវកម្ម​របស់​ពួកគាត់។ អ្នកចូលរួម​បានដឹង​ព័ត៌មាន​អំពី​បញ្ហា លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ និង​ជម្រើស​ហិរញ្ញប្បទាន​ប្រកប​ដោយ​សុវត្ថិភាព​ ដើម្បី​ឱ្យ​សហគ្រិន​ស្ត្រី​វ័យក្មេង​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់។

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​ជា​តំណាង​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ថ្លែង​ដែរ​ថា ខ្សែ​វីដេអូ​ទាំង ៩ អម​ជាមួយ​មគ្គុទ្ទេសក៍​ហិរញ្ញវត្ថុ ពិតជា​មាន​ភាពចាំបាច់​ណាស់​ក្នុង​ការជួយ​ដល់​សហគ្រិន​កម្ពុជា​ពិសេស​ស្ត្រី​ឱ្យមាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​អាជីវកម្ម និង​ផ្ទាល់ខ្លួន​ផងដែរ ពិសេស​ក្នុង​បរិបទ​នៃ​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ ១៩។

លោក​បាន​បន្តថា ការរៀបចំ​ហិរញ្ញវត្ថុ​បានល្អ​ក៏​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​សហគ្រិន​ក្នុង​ការទទួល​បាន​នូវ​សេវា​ហិរញ្ញវត្ថុ នៅពេលដែល​ពួកគាត់​មានបំណង​ចង់​ពង្រីក អាជីវកម្ម ដើម្បី​ឱ្យ​កាន់តែ​រីកចម្រើន៕