នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនបុរសសង្ស័យ ២ នាក់ទៅតុលាការភ្នំពេញនៅថ្ងៃទី ៣ តុលានេះ ករណីជួញដូរគ្រឿងញៀន ៣ ប្រភេទទម្ងន់ជាង ៣ គីឡូក្រាម។

លោក អ៊ីន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៣ តុលាថា ជនសង្ស័យឈ្មោះ សេង សុគន្ធថៃ ភេទប្រុស អាយុ ២៣ ឆ្នាំ និងម្នាក់ទៀតឈ្មោះ ព្រហ្ម វាសនា ភេទប្រុស អាយុ ៣១ ឆ្នាំ។ ជនសង្ស័យទាំង ២ នាក់នេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៣ តុលានេះ។

លោកបញ្ជាក់ថា៖ «ជនទាំង ២ នាក់នេះជាបក្ខពួកតែមួយ តែយើងយកបានក្នុង ៣ ទីតាំង»។

លោក អ៊ីន សុង ប្រាប់ថាជនសង្ស័យទាំង ២ នាក់ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ២៩ កញ្ញាដោយ លោក សារី បុត្រសត្យា លោក យឹម សែនឧត្តម លោក ស៊ុន ពុធរស្មី ដែលលោកទាំង ៣ ជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោក តឹក សូនី នាយការិយាល័យ ក ១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

លោកបញ្ជាក់ថា ប្រតិបត្តិការនេះក៏ចូលរួមពីកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្តកណ្ដាល និងសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញផងដែរ។

លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានបង្ក្រាបចំនួន ៣ គោលដៅ ផ្សេងគ្នា។ គោលដៅទី ១ នៅក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ គោលដៅទី ២ និងទី ៣ នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប៉ុន្តែទោះជាគោលដៅខ្លះ ជនសង្ស័យត្រូវបានឃាត់ខ្លួនក្នុងទឹកដីខេត្តកណ្តាលក្តីតែគោលដៅដំបូងបង្ក្រាបនៅរាជធានីភ្នំពេញ និងជាបក្ខពួកតែមួយ។

ដូច្នេះសំណុំរឿងត្រូវបញ្ជូនទៅតុលាការរាជធានីភ្នំពេញ។ វត្ថុតាងមាន មេតំហ្វេតាមីន (ICE) ទម្ងន់ ៣. ១៤៦.៣៧ក្រាម អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៧.៨៧ ក្រាម និងថ្នាំញៀនប្រភេទ នីមេតាហ្សេប៉ាម ទម្ងន់ ១.១៤ ក្រាម៕