ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានចេញ​សារាចរ​ពី​ការពង្រឹង​វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ សម្រាប់​អំឡុងពេល​ និង​ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ដោយ​លោក​តម្រូវឱ្យ​ក្រសួង​ស្ថាប័ន​ និង​អាជ្ញាធរមាន​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ឱ្យបាន​ម៉ឺងម៉ាត់​ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩។

នៅក្នុង​សារាចរ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន នា​ថ្ងៃទី ៣ ខែតុលា បាន​លើកឡើងថា កន្លងទៅនេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយ​រក្សា​ការឈប់​សម្រាក​ចំនួន ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី ៥ ដល់ទី ៧ ខែតុលា សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តាម​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២១ ដដែល។

សារាចរ​ដដែល​បាន​បន្ថែមថា ក្នុង​អំឡុងពេល​ឈប់សម្រាក​ខាងមុខនេះ ប្រជាពលរដ្ឋ​ជាច្រើន​អាច​នឹង​ធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ដើម្បី​ទៅ​ជួបជុំ​ក្រុមគ្រួសារ និង​ធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា នៅ​ទូទាំងប្រទេស ដែល​នឹង​អាច​ធ្វើឱ្យ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ ១៩ ជាពិសេស មេរោគ​ប្រភេទ​ដែលតា (Delta) ដែល​កំពុង​បន្ត​ឆ្លង​រាលដាល​ក្នុង​សហគមន៍​យ៉ាង​ឆាប់រហ័ស។

លោក ហ៊ុន សែន បាន​បញ្ជាក់​តាមរយៈ​សារាចរ​នេះ​ថា៖ «ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ ១៩ អភិបាល​រាជធានី-ខេត្ត និង​យន្តការ ដែល​មាន​ការពាក់ព័ន្ធ​យកចិត្ត​ទុកដាក់​ខ្ពស់​ត្រួតពិនិត្យ​ឱ្យបាន​ម៉ឺងម៉ាត់​ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ ព្រមទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដែល​ចាំបាច់​នានា»។

លោក​បាន​បន្តថា ទាំងនេះ​សំដៅ​ពង្រឹង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជាពិសេស​ក្នុង​អំឡុងពេល​ធ្វើដំណើរ​ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​រួម​ និង​ក្នុងអំឡុងពេល​នៃ​ការជួបជុំ​ ឬ​ការប្រមូលផ្តុំ​មនុស្ស ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​មេរោគ​កូវីដ ១៩។

លោក ហ៊ុន សែន បញ្ជាក់ថា ត្រូវ​រឹតបន្តឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​សម្រាប់​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​ក្រសួង​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន​ទេសចរណ៍។ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវយក​ការទទួល​ខុសត្រូវ​ខ្ពស់​ដោយ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា​បន្ថែមទៀត ទៅតាម​ស្ថានភាព​វិវត្ត​ជាក់ស្តែង​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ភូមិសាស្ត្រ​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន សំដៅ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។

ជាមួយ​គ្នា​នេះដែរ នៅក្រោយពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​បញ្ចប់ ក្រសួង-ស្ថាប័ន និង​វិស័យ​ឯកជន ពិសេស​បណ្តា​រោងចក្រ-សហគ្រាស និង​ទីតាំង​អាជីវកម្ម ដែលមាន​កម្មករ-និយោជិត និង​បុគ្គលិក​បម្រើ​ការងារ​ច្រើន ព្រមទាំង​គ្រឹះស្ថានសិក្សា​នានា ត្រូវបាន​លើក​ទឹកចិត្ត​ឱ្យធ្វើ​តេស្ត​រហ័ស។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់ថា៖ «ការធ្វើ​តេស្ត​រហ័ស​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចប់ ត្រូវធ្វើ​ចំពោះ​មន្ត្រីរាជការ, កម្មករ-និយោជិត​និង​បុគ្គលិក និង​បុគ្គលិក​អប់រំ ដើម្បី​ធានា​សុវត្ថិភាព​ក៏ដូចជា​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​តាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និង​បណ្តា​រោងចក្រ-សហគ្រាស និង​ទីតាំង​អាជីវកម្ម​នានា»។

ទន្ទឹមនឹង​នេះដែរ លោក​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​នៅក្នុង​អំឡុងពេល​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ពិសេស វិធានការ «៣កុំ ៣ការពារ» ព្រមទាំង​ត្រូវគោរព​វិធានការ​រដ្ឋបាល​ និង​វិធានការ​ច្បាប់​សំដៅ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ពី​ការឆ្លង​មេរោគ​កូវីដ ១៩៕