កំណើន​នៃ​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ ប្រជាពលរដ្ឋ​អាយុ​ពី ១៨ ឆ្នាំ​ឡើង​ចំនួន ជាង ៩,៩ លាន​នាក់​ ឬ​ស្មើនឹង ៩៩,១២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​រួចរាល់។

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​ឱ្យ​ដឹងថា ចំពោះ​ការចាក់​វ៉ាក់សាំង​សម្រាប់​ក្រុមមនុស្ស​អាយុ​ពី ១២ ឆ្នាំ​ទៅ​ក្រោម ១៨ ឆ្នាំ​មាន​ចំនួន​ជាង ១,៧ លាន​នាក់ ដែល​ស្មើនឹង ៨៩,៦៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ជិត ២ លាន​នាក់។

ប្រភព​ដដែល​បាន​បន្តថា ចំណែក​ក្រុម​កុមារ​អាយុ​ពី ០៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ មាន​ចំនួន​ជាង ១,៧ លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ឬ​ស្មើនឹង ៩៣,០៨% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១ ៨៩៧ ៣៨២ នាក់៕