មន្ត្រី​បច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អ្នកជំនាញការ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ចុះ​ត្រួតពិនិត្យ​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ដើម្បី​ធ្វើការ​វាយតម្លៃ​មុននឹង​សម្រេច​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ខែ​កក្កដា ឆ្នាំ ២០២២ ខាងមុខ។

កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ មន្ត្រី​បច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អ្នកជំនាញការ​បាន​ចុះ​ត្រួតពិនិត្យ​ប្រាសាទ​មួយចំនួន ដូចជា ត្រពាំង​អង្គខ្នា ប្រាសាទក្ទម្ព ប្រាសាទដំរី ប្រាសាទស្រឡៅ ប្រាសាទក្រចាប់ ប្រាសាទបន្ទាយ​ពីរ​ជាន់ ប្រាសាទ​ប្រាង្គ ប្រាសាទតាម៉ែន រហាល ប្រាសាទ​ចិន និង​ប្រាសាទប្រាំ។ ប្រាសាទ​ទាំងនេះ គឺ​ស្ថិត​ក្នុងចំណោម​ប្រាសាទ​ប្រមាណ​ជា ៥០ ប្រាសាទ ដែល​​មាន​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ។

លោក គង់ ពុទ្ធិកា អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​លើ​លក្ខណសម្បត្តិ​នៃ​ប្រាសាទ​កោះកេរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៤ តុលា ថា ការចុះពិនិត្យ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​វាយតម្លៃ​ជា​ចុងក្រោយ​របស់​អ្នក​ជំនាញការ ក្រោយ​បាន​ប្រជុំ​ដើម្បី​ពិភាក្សា​ពី​ផែនការ​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​មុន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក។

លោក​បន្តថា៖ «ការចុះពិនិត្យ​នេះ គឺ​មិនមែន​ចុះ​បញ្ចី​តែ​ប្រាសាទ​ណាមួយ​ទេ គឺ​យើង​នឹង​ពិនិត្យ​លើ​ការចុះ​បញ្ចី​ជា​តំបន់ ដែល​យើង​បែង​ចែកជា ៣ តំបន់ គឺ​តំបន់​ស្នូល តំបន់​ត្រនាប់ និង​តំបន់​រណប ដែល​កម្ពុជា បាន​ស្នើ​ទៅ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក កាលពី​ឆ្នាំ ២០២០»។

លោក​បន្តថា៖ «ការចុះពិនិត្យ​របស់​អ្នកជំនាញការ​នេះ គឺ​ដើម្បី​វាយតម្លៃ​លើ​តំបន់​ទាំង ៣ នេះ ដើម្បី​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ពិចារណា​ថា គួរ​ចុះ ឬ​មិនគួរ​ចុះបញ្ជី​រមណីដ្ឋាន​កោះកេរ​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ អីចឹង បន្ទាប់ពី​យើង​បានដាក់​ឯកសារ​នេះហើយ គេ​ត្រូវ​បញ្ចូន​អ្នកជំនាញការ​មក​ពិនិត្យ និង​ផ្តល់យោបល់​មកឱ្យ​គណៈកម្មាធិការ​នេះ​វិញ»។

បើតាម លោក គង់ ពុទ្ធិកា ការសម្រេច​ជា​លើកចុងក្រោយ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ថា​នឹង​ទទួលស្គាល់​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឬ​យ៉ាងណា​នោះ នឹងធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​របស់ខ្លួន ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខែកក្កដា ឆ្នាំ ២០២២។

លោក​បន្ថែមថា ដោយ​ក្រុម​ជំនាញការ​នឹង​ធ្វើការ​សម្រេច​ដោយ​សំអាង​ទៅលើ​ភ័ស្ដុតាង​សំខាន់ៗ​ចំនួន ៣ ធំ ដូចជា គុណតម្លៃ​នៃ​ប្រាសាទ ការចូលរួម​របស់​សហគមន៍ និង​សមិទ្ធភាព​នៃ​ការគ្រប់គ្រង​របស់​កម្ពុជា លើ​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​នេះ។

តាម​អាជ្ញាធរ​ជាតិ​នេះ​បាន​ឱ្យដឹងថា ប្រាសាទ​កោះកេរ​ស្ថិតនៅក្នុង​ភូមិ​ស្រយ៉ង់ជើង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន​ខេត្តព្រះវិហារ​ចម្ងាយ​ប្រមាណ ៧២ គីឡូម៉ែត្រ​ពី​ខេត្តសៀមរាប ប្រសិនបើ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២១១ និង ៤៩ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ព្រះវិហារ៕