
យុវជនកម្ពុជាជាង ៤ ០០០ នាក់ បានទទួលវគ្គបណ្ដុះបណ្ដាលកម្មវិធីធុរកិច្ចជាតិកម្ពុជា។ រូបថត MoEYS
ភ្នំពេញៈ យុវជនកម្ពុជាជាង ៤ ពាន់នាក់ បានទទួលវគ្គបណ្តុះបណ្តាលក្នុង «កម្មវិធីធុរកិច្ចជាតិកម្ពុជាសម្រាប់យុវជន»។ នេះបើតាមការផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាសហគ្រិន
ភាពឆ្នាំ ២០២១ ដែលបានប្រព្រឹត្តទៅកាលពីចុងខែកញ្ញា និងផ្សាយផ្ទាល់លើហ្វេសប៊ុកក្រសួងអប់រំ។
លោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា កម្មវិធីធុរកិច្ចជាតិកម្ពុជាសម្រាប់យុវជន ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអាជីវកម្ម និងសហគ្រិនភាពជំនាញមូលដ្ឋាន ដើម្បីចាប់យកសហគ្រិនប្រកបដោយចីរភាព និងក្លាយជាសហគ្រិនដោយជោគជ័យ។
ម្យ៉ាងទៀត ក៏ជាការលើកទឹកចិត្តការរៀនសូត្រ និងការចែករំលែកចំណេះដឹងពីមិត្តភក្តិម្នាក់ទៅមិត្តភក្តិម្នាក់ទៀត នៅក្នុងចំណោមយុវជន និងចង់បង្កើតការសម្របខ្លួនរបស់យុវជន និងភាពធន់នៅក្នុងចំណោមយុវជននៅក្នុងពេលមានជំងឺរាតត្បាត។
លោកស្រីបានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ ១៩ ក៏កម្មវិធីធុរកិច្ចជាតិកម្ពុជាសម្រាប់យុវជន បណ្តុះបណ្តាលយុវជនបានចំនួន ៤ ៤២២ នាក់ ក្នុងនោះមានស្រី ២ ៧៨៨ នាក់។
លោកស្រីថ្លែងថា៖ «វគ្គបណ្តុះបណ្តាលនេះផ្អែកសំខាន់លើយុទ្ធសាស្ត្រ សកម្មភាព និងមេរៀនស្តីពីការត្រៀមខ្លួនសម្រាប់អាជីវកម្ម ផ្តោតលើចំណុចសំខាន់ ៤ គឺ ការកំណត់ចក្ខុវិស័យអាជីវកម្ម ការជ្រើសរើសនូវគំនិត ការស្វែងយល់ពីទីផ្សារ និងផែនការអាជីវកម្ម ហើយបន្ទាប់មកយុវជនទាំងនោះ ចងក្រងជាក្រុមតូចៗ ដើម្បីបង្កើតបានជាអាជីវកម្មរបស់ខ្លួនដើម្បីប្រកួតប្រជែង»។
បើតាមលោកស្រី ស្រូយ សុជាតិ កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជនត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមការឧបត្ថម្ភ និងគាំទ្រដោយ
ទីភ្នាក់ងារជំនួយអាមេរិក (USAID) និងអង្គការផេក (Pact Cambodia) កម្មវិធីមុខរបរ និងការងារសម្រាប់យុវជនកម្ពុជា (DEY) ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) រដ្ឋាភិបាលជប៉ុន ក្រុមហ៊ុន Smart Axiata និងធនាគារវីង (Wing)៕