ស្ទឹងត្រែងៈ​លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​រំឭក​ដល់​មន្ដ្រីរាជការ​ខេត្ដ​ស្ទឹងត្រែង ត្រូវ​ពង្រឹង​សុវត្ថិភាព ស្ថិរភាព​នយោបាយ​សន្ដិ​សុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​នេះ​ដោយ​អនុវត្ដ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ខណៈ​បើ​គ្មាន​សុខសន្ដិភាព ស្ថិរភាព និង​សុវត្ថិភាព​ល្អប្រសើរ​ទេ នោះ​នឹង​ប៉ះពាល់​ទៅដល់​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​ទៀត។

លោក ស ខេង ថ្លែង​បែបនេះ​ពេល​ធ្វើជា​អធិបតី ប្រកាស​ផ្លាស់ប្ដូរ​អភិបាលខេត្ត​ស្ទឹងត្រែង ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១ នៅ​សាលាខេត្ត​ស្ទឹងត្រែង ដោយ​លោក ស្វាយ សំអ៊ាង ជំនួស​លោក ម៉ុម សារឿន។ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ផ្លាស់ប្ដូរ​តួនាទី មកជា​អភិបាលខេត្ត​ស្ទឹងត្រែង ខណៈ​លោក ម៉ុម សារឿន ត្រូវបាន​តែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​ចង់​រំឭក អំពី​ការពង្រឹង​សុវត្ថិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ។ បញ្ហា​នេះ​នៅតែ​ជា​បញ្ហាសំខាន់ យើង​មិនអាច​មើលស្រាល មិនអាច​បោះបង់ចោល​បានទេ។ ពីព្រោះ​វា​ជា​បញ្ហា​គន្លឹះ ដែលនាំឱ្យ​វិស័យ​ផ្សេងៗ​ទៀត​អាច​ដំណើរការ​ទៅបាន។ ប្រសិនបើ​ស្រុក​យើង​អត់​មាន​សុខសន្ដិភាព អត់​មាន​ស្ថិរភាព សុវត្ថិភាព​ល្អប្រសើរ​ទេនោះ វា​នឹង​ប៉ះពាល់​ទៅដល់​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​ទៀត»។

លោក​រំឭកថា៖ «យើង​យកចិត្ដ​ទុកដាក់ បន្ត​អនុវត្ដ​នូវ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែល​យើង​ដឹង​ទាំងអស់គ្នា​ហើយ គឺមាន ៧ ចំណុច ដោយ​ខ្ញុំ​សូមបញ្ជាក់ថា ទី ១ ផ្ដល់​សេវាសាធារណៈ ពិសេស សេវា​រដ្ឋបាល ប្រកបដោយ​គុណភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ដ។ នេះ​ជា​កិច្ចការ​ធំ​ណាស់ ជា​កិច្ចការ ដែល​មាន​វិសាលភាព ទូលំទូលាយ ជា​ការបម្រើ​ប្រជាពលរដ្ឋ»។

លោក ស ខេង បញ្ជាក់​តាមរយៈ​របាយការណ៍​របស់លោក ម៉ុម សារឿន ដែល​បានលើកឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កំពុង​កើតមាន​ក្នុង​ខេត្ដ​ស្ទឹងត្រែង។ បញ្ហា​ទាំងនោះ​រួមមាន អត្រា​ភាពក្រីក្រ​មាន​កម្រិត​ខ្ពស់ ២៤ ភាគរយ, ធនធាន​មនុស្ស​ជា​កម្លាំង​ពលកម្ម​នៅ​មាន​កម្រិត, ហេដ្ឋារចនា​សម្ពន្ធ​សេដ្ឋកិច្ចសង្គម ការផ្ដល់​សេវាសាធារណៈ ជាពិសេស សុខាភិបាល នៅ​ពុំទាន់​គ្របដណ្ដប់​គ្រប់​មូលដ្ឋាន, ប្រជាពលរដ្ឋ​ចំណាកស្រុក​មកពី​ខេត្ដផ្សេង, និង​ចរាចរណ៍​គ្រឿងញៀន។

លោក​បញ្ជាក់ថា៖ «នេះ​ជា​បញ្ហា​មួយ​គឺ​ចាត់ទុកថា ជា​របៀបវារៈ​ការងារ​របស់​យើង របស់​រដ្ឋបាល​ខេត្ដ ដែលមាន​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ដ»។

លោក​បាន​លើកឡើងថា ខេត្ដ​ស្ទឹងត្រែង គឺជា​ច្រក​លួច​រត់​គ្រឿងញៀន​ចូលក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្ដែ​សមត្ថកិច្ច​ក្នុង​ខេត្ដ​ស្ទឹងត្រែង សហការ​ជាមួយ​សមត្ថកិច្ច​ថ្នាក់ជាតិ បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទប់ស្កាត់​ឃាត់​បាន​ជនល្មើស​ជា​បន្តបន្ទាប់​នាពេល​កន្លងមក។

លោក ស ខេង បាន​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្ដ ក៏ដូចជា​សមត្ថកិច្ច ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​បង្ក្រាប​បទល្មើស​នាំ​គ្រឿងញៀន​ចូល​តាម​ច្រកព្រំដែន​នេះ ខណៈ​ខេត្ដ​ស្ទឹងត្រែង និង​ខេត្ដ​ព្រះវិហារ ក៏មាន​ការចរាចរ​គ្រឿងញៀន​ដែរ គឺ​នាំចូល​ពី​ខាង​ប្រទេស​ឡាវ​មក។

លោក ស ខេង បញ្ជាក់ថា ការបន្ត​អនុវត្ដ​នូវ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព គឺ សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ ពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍។ អំពើ​អាណាចារ្យ ការជួញដូរ​មនុស្ស ជាពិសេស​ស្ដ្រី និង​កុមារ គ្មាន​អំពើហិង្សា ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង។ មាន​អនាម័យ សោភ័ណ​ភាពល្អ និង​បរិស្ថាន​ល្អ។ ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ និង​ជំងឺ​រាតត្បាត​កាច​សាហាវផ្សេងៗ​ទៀត​ប្រកបដោយ​ប្រសិទ្ធភាព។

លោក​បញ្ជាក់ថា៖ «អីចឹង​ហើយ​ខ្ញុំ​សូម​ស្នើថា យក​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​នេះ យកទៅ​ចែកចាយ អនុវត្ដ ឱ្យបាន​ជាប់​ជាប្រចាំ នោះ​យើង​នឹង​ទទួលបាន​ជោគជ័យ ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព ក៏ដូចជា​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ»៕