កំពង់ធំៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​កូន​កង្កែប ២២ ២៤០ ក្បាល និង​កង្កែប​មេ​ពូជ ៩ គូ ដល់​ពលរដ្ឋ ៥៩ គ្រួសារ នៅ​ឃុំ​ម្សារក្រង ស្រុក​ស្ទោង នៅ​ព្រឹក​ថ្ងៃទី ៤ ខែតុលា​នេះ។

ហ្វេសប៊ុក មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ៤ ខែតុលា​នេះ បានឱ្យដឹងថា លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ និង ជា​ប្រធាន​អនុកម្មវិធី​ផ្សព្វផ្សាយ បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE ) ខេត្តកំពង់ធំ បាន​ដឹកនាំ​ក្រុមការងារ អនុ​កម្មវិធី និង​មន្ត្រី​ជំនាញ ចុះ​ចែក​ទុន​សហ​វិនិយោគ​ធាតុ​ចូល​គាំទ្រ​ដោយ​កម្មវិធី ASPIRE។

ក្នុង​ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​នាំយក​កូន​កង្កែប​ជាង ២ ម៉ឺន​ក្បាល​ទៅ​ចែក​ពលរដ្ឋ ៥៩ គ្រួសារ។ កូន​កង្កែប ២២ ២៤០ ក្បាល កង្កែប​មេ​ពូជ ៩ គូ ដល់ បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​កង្កែប ចំនួន ៥៩ គ្រូ​សារ នៅ​ឃុំ ម្សារ​ក្រង ស្រុក​ស្ទោង ដោយ មាន​ការចូលរួម​សហការ​ពី​អាជ្ញាធរ​ស្រុក ឃុំ ភូមិ»។

នៅ​ថ្ងៃ​ដដែល​នេះ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ក៏ បាន​ចុះ​ពិនិត្យ តាមដាន វឌ្ឍនភាព កសិករ គំរូ ជា​សមាជិក​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី ឈ្មោះ ហ៊ាង កាក់​ហុង ក្រោយ​ទទួលបាន​ធាតុ​ចូល​ពី​កម្មវិធី​កន្លងមក ដើម្បី​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ប្រឈម​នានា តម្រូវការ​បន្ថែម និង​ជំរុញ​ណែនាំ​បន្ថែម នៅ​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង​ផងដែរ៕