អាជ្ញាធរខេត្ត​បន្ទាយមានជ័យបានឱ្យដឹងថា​ ទឹកជំនន់​នៅក្នុង​ខេត្ត​នេះ ​ចាប់ផ្ដើម​ស្រក​ចុះ​ជា​បណ្តើរៗ​ហើយ ​បន្ទាប់ពី​គ្មាន​ភ្លៀង​ធ្លាក់ ហើយ​ការ​បង្ហូរទឹក​ពី​ប្រទេស​ថៃ ​ក៏បាន​ថយចុះ​ ខណៈ​ពលរដ្ឋ​មួយចំនួន​បាន​វិលត្រឡប់​ទៅកាន់​លំនៅឋាន​វិញ​។​

​លោក​ អ៊ុំ​ រាត្រី ​អភិបាលខេត្ត​បន្ទាយមានជ័យ​បានប្រកាស​កាលពី​ថ្ងៃទី ៣ តុលា​ថា​៖ «​នៅទីនេះ​ស្ថានភាព​អាកាសធាតុ​ល្អ​ប៉ុន្មាន ៤ ទៅ​ ៥ ថ្ងៃនេះ ​មាន​ភ្លៀង​ខ្លះ​ដែរ ​គ្រាន់​មានស្រុក​ខ្លះ​ភ្លៀង​តិចតួច​ហើយ​ទឹក​ក៏​ស្រក​អស់​ច្រើន​ពី​ខាងលើ​នៅតែ​ស្រុក​មង្គលបុរី​ និង​ក្រុង​សិរីសោភ័ណ​ទេ​»​។​

​យ៉ាងណា​លោក​ អ៊ុំ​ រាត្រី ​បាន​អះអាងថា ​បើទោះជា​ក្រុង និង​ស្រុក​ទាំង ​២ ​នេះ មាន​លក្ខណៈ​ស្រក​យឺត ​ក៏ប៉ុន្តែ​ចំពោះ​ស្ទឹង​សិរី​សោ​ភ័​ណ្ឌ ​និង​ស្ទឹង​មង្គលបុរី​គឺ​បាន​ស្រក​ចុះ​ជា​បណ្តើរៗ ចន្លោះ​ពី ២ ទៅ ៣​ ហ៊ុន​ផងដែរ​។​

​លោក​បាន​បន្តថា​៖ «​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​រក​ទីទួល​សុវត្ថិភាព​មិនទាន់មាន​ការកើនឡើង​ទៀត​ទេ​ ហើយ​នៅ​ប៉ោយប៉ែត​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​ទី​មក​ទីទួល​សុវត្ថិភាព​ក៏បាន​វិល​ប្រ​ឡប់​វិញ​មួយចំនួន​ដែលមាន​ជាង ១០០ គ្រួសារ​»៕

វីដេអូ៖