ភ្នំពេញៈ​ កងកម្លាំង​មួក​ខៀវ​កម្ពុជា​ជិត ​៣០០ ​នាក់​ បានធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​ ក្រោយ​បញ្ចប់​បេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិរ​យៈ​ពេល​ ១ ​ឆ្នាំ ​ក្នុង​តំបន់ MINUSMA​ នៃ​ប្រទេស​ម៉ាលី​ប្រកបដោយ​ជោគជ័យ​។​ នេះ​បើតាម​លោក សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម នា​ព្រឹក​ថ្ងៃទី ​៤ ខែ ធ្នូ ឆ្នាំ ​២០២១ ​នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​ការ​ត្រឡប់​មកដល់​នៃ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង​ ២៩៨ ​នាក់ ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក សុវណ្ណនី បាន​លើកឡើងថា ដើម្បី​ធានាថា​ គ្មាន​កងទ័ព​មួក​ខៀវ​ណា​ម្នា​ក់មាន​វិជ្ជមាន​ជំងឺ​កូ​វីដ ​១៩ ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​ កងកម្លាំង​ទាំងអស់​នឹងត្រូវ​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល​រយៈពេល​ ២១ ​ថ្ងៃ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ក្នុង​ខេត្តកំពង់ស្ពឺ និង​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន​រយៈពេល​ ១៤ ​ថ្ងៃបន្ថែមទៀត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការបញ្ជូន​កងកម្លាំង​ទាំង​ ២​ ក្រុម [​ក្រុម​កម្ទេច​គ្រឿងផ្ទុះ​លេខ​ ៨៨២ និង​ក្រុម​កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​ ៩៧២] ​ទាំង ​២៩៨ ​នាក់ ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​

​សុខាភិបាល​នេះ គឺ​ដើម្បី​ស្វែងរក​ជំងឺ​កូ​វីដ ​១៩ បើទោះបីជា​កងទ័ព​រប​ស់​យើង បានធ្វើ​តេស្ត​នៅ​ប្រទេស​ដែល​បំពេញបេសកកម្ម​រក​មិនឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ ​១៩ ​ក៏ដោយ ដែល​នេះ​គឺជា​ការយកចិត្តទុកដាក់​យ៉ាង​ធំធេង​ពី​សុខភាព​ពី​សំណាក់​ថ្នាក់ដឹកនាំ​»​។

​បើតាម​លោក សុវណ្ណនី ក្នុងចំណោម​កងកម្លាំង​មួក​ខៀវ​ទាំង​ ២៩៨ ​នាក់​នោះ មាន​ ២៥ ​នាក់​ជា​​ស្ត្រី​។ ជាមួយគ្នានេះ លោក​បាន​លើកយក​ការ​ផ្តាំផ្ញើ និង​សេចក្ដី​នឹករឭក ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​,​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ដល់​កងកម្លាំង​ដែល​ទើប​បញ្ចប់​បេសកកម្ម​ស្វែងរក​សន្តិភាព​ទាំងអស់​ផងដែរ​ ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង​ដើម្បី​លើកស្ទួយ​កិត្តិយស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​

​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០៦ ​រហូតមកទល់​ពេលនេះ​ កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព ជាង​ ៧​ ពាន់​នាក់​ទៅ​បំពេញបេសកកម្ម មនុស្សធម៌ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ចំនួន​ ៩ រួមមាន​៖ ស៊ូដង់ ស៊ូដង់​ខាងត្បូង​, ឆាដ​, លី​បង់​, ស៊ី​រី​, ម៉ាលី​, អាហ្វ្រិក​កណ្តាល សាយ​ប្រឺស និង​យ៉េ​មែន​។​

​ដោយឡែក​បច្ចុប្បន្ន​កម្ពុ​ជាមាន​កម្លាំង​កងទ័ព​មួក​ខៀវ​ជិត ​៨០០ ​នាក់ ​ក្នុងនោះ​មាន​នារី​ជិត ៨០ ​នាក់ ​បាននិងកំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕