
ជនរងគ្រោះស្លាប់ដោយសារលង់ទឹកនៅខេត្តបន្ទាយមានជ័យ។ រូបថត ប៉ូលិស
បន្ទាយមានជ័យៈ មនុស្សចំនួន ៣ នាក់ បានលង់ទឹកស្លាប់ក្នុងថ្ងៃតែមួយ នៅស្រុកមង្គលបុរី ក្រុងប៉ោយប៉ែត និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៣ ខែតុលា។
អាជ្ញាធរស្រុកមង្គលបុរីបានឱ្យដឹងថា ករណីទី ១ គឺក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីក្មេងស្រីរងគ្រោះរូបនោះបាននាំគ្នាទៅលេងទឹកប្រឡាយដែលមានជម្រៅជ្រៅ នៅក្នុងភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបុរី។
ចំណែកករណីទី ២ នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅវេលាម៉ោង ៤ និង ២០ នាទីល្ងាច ថ្ងៃទី ៣ ខែតុលាមានបុរសម្នាក់បានលង់ទឹកស្លាប់ ពេលបើកទូកទៅនេសាទត្រីនៅក្នុងតំបន់បឹងអូខៃដន ២ នាក់កូនប្រុស អាយុ ១៣ ឆ្នាំ។ ពេលនោះ ជនរងគ្រោះបើកទូកជ្រុលទៅបុកច្រាំង បណ្តាលឱ្យឪពុកធ្លាក់ពីលើទូកហូររសាត់តាមទឹកបាត់ខ្លួន តែក្រោយមកត្រូវកម្លាំងសមត្ថកិច្ចរកសពឃើញវិញ។
ជនរងគ្រោះរូបនោះមានឈ្មោះ សុន សាវុធ អាយុ ៤២ ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយឡែក ករណីទី ៣ នគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា នៅវេលាម៉ោង ៦ និង ៤០ នាទីយប់ ថ្ងៃទី ៣ ខែតុលា មានបុរសម្នាក់ឈ្មោះ អឿន រិន អាយុ ២៣ ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទៅដាក់បង្កៃស្ទូចត្រី នៅចំណុចលូ ៤ ជ្រុង ខាងកើតភូមិគោករំចេក ចម្ងាយ ១ ៣០០ ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបញ្ជាក់ថា៖ «ក្រោយពីបុរសរងគ្រោះ បានដាក់បង្កៃស្ទូចត្រីរួច ក៏ដើរមកលាងជើង លាងដៃ នៅខាងមុខលូក៏រអិលជើងធ្លាក់ចូលទៅក្នុងលូទឹកកំពុងហូរខ្លាំងបណ្តាលឱ្យជនរងគ្រោះថប់ដង្ហើមស្លាប់នៅកន្លែងកើតហេតុតែម្ដង»។
យ៉ាងណាក្ដី សមត្ថកិច្ចបានប្រគល់សពបុរសរូបនោះជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីរួចហើយ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច៕