ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​នៅ​ព្រឹក​ថ្ងៃទី​ ៤ ខែ តុលា ឆ្នាំ ​២០២១ ​នេះ បានសម្រេច​ផ្អាក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ ​១៩ សម្រាប់​ជុំ​ទី​៦ លើក​ទី​៣ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារ​អាយុ​ក្រោម ​២ ​ឆាំ្ន ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ រយៈពេល ៧ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៤-១០ ខែ តុលា ឆ្នាំ ​២០២១​។

​យោងតាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច ដែល​ផ្សព្វផ្សាយ​តាម​បណ្ដាញសារព័ត៌មាន​រដ្ឋ​ និង​ឯកជន​នា​ព្រឹក​នេះ បាន​គូសបញ្ជាក់ថា​៖ «​ក្នុងអំឡុងពេល​នៃ​ការឈប់​សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ មិន​ប៉ះពាល់​ដល់​ការទទួល បាន​នូវ​អត្ថប្រយោជន៍រ​បស់បង​ប្អូន​ជា​អ្នកទទួលផល​ឡើយ​។ កម្មវិធី​នឹង​បន្ត​អនុវត្ត​ជាធម្មតា​ឡើងវិញ នៅតាម​ឃុំ សង្កាត់​មណ្ឌល​សុខភាព និង​បញ្ជរ​បើកប្រាក់​វឹង ចាប់ពី​ថ្ងៃទី​ ១១ ខែ តុលា ឆ្នាំ​ ២០២១ តទៅ​»​។​

​ក្នុង​សេចក្ដី​ជូន​ដំ​ណឹ​ដដែល​នោះ ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យ​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អ្នកទទួលផល​ទាំងអស់​បន្ត​ចូលរួម​សហការ​អនុវត្ត ដើម្បីឱ្យ​កម្មវិធី​ទាំងពីរ​ខាងលើ​បន្ត​ដំណើរការ​ដោយ​រលូន និង​ទទួលបាន ជោគជ័យ​តាម​ផែនការ​គ្រោងទុក ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦ ក្នុង​ការផ្តល់​អន្តរាគ​មន៍​ជំនួយ​សង្គម​ដល់​ប្រជាជន ពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ ​«​មិន​ទុក​ប្រជាជន​ណា ម្នាក់​ចោល ឬមិនមាន​ការយកចិត្ត​ទុកដាក់​នោះឡើយ​»៕