ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ហ៊ុន ម៉ានី សមាជិក​រដ្ឋសភា​កម្ពុជា បាន​ផ្ញើ​សារ​ជូន លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ឯកភាព​ជាតិ​អាល្លឺម៉ង់​លើក​ទី៣១។

នៅក្នុង​លិខិត​កាលពី​ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១ លោក ប្រាក់ សុខុន បានសរសេរថា ក្នុងឱកាស​នក្ខត្តប្ញក្ស​ដ៏ឧត្តម​នៃ​ថ្ងៃ​ឯកភាព​លើក​ទី៣១ របស់​ប្រទេស​អាល្លឺម៉ង់ លោក​សម្តែង​ក្ដី​សោមនស្ស​រីករាយ​ក្រៃលែង​ចូលរួម​អបអរសាទរ​អស់​ពីដួងចិត្ត​ជូន​លោក Christian Berger និង​សហគមន៍​អាល្លឺម៉ង់​ដែល​កំពុង​រស់នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ ប្រាក់ សុខុន បាន​សរសរ​ថា៖ «ថ្ងៃនេះ ជា​ថ្ងៃ​ដ៏អស្ចារ្យ​សម្រាប់​ប្រជាជន​អាល្លឺម៉ង់​ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏មោទនភាព​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​បង្រួបបង្រួម​អាល្លឺម៉ង់»។

រីឯ​លោក ហ៊ុន ម៉ានី សមាជិក​រដ្ឋសភា​ក៏បាន​សរសេរ​ក្នុង​លិខិត​របស់លោក​កាលពី​ថ្ងៃទី ២ ខែតុលា​ដែរ​ថា ឆ្លៀត​ក្នុងឱកាស​នេះ លោក​សម្តែង​ការកោតសរសើរ​ចំពោះ​ការប្តេជ្ញា​ចិត្ត​ និង​កិច្ចខិតខំ​របស់​ស្ថានទូត​អាល្លឺម៉ង​ដែល​បាន​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​អាល្លឺម៉ង់ នាពេល​កន្លងមក។

លោក ហ៊ុន ម៉ានី បានបង្ហាញ​ក្ដី​រំពឹងថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​ខ្លាំង​រួចជាស្រេច​នេះ​នឹង​បន្ត​រឹងមាំ ហើយ​រីកចម្រើន​បន្ថែមទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដល់​ប្រជាជាតិ និង​ប្រជាជន​ទាំង ២។

តាមរយៈ​វីដេអូ​ដើម្បី​អបអរ​ទិវា​ឯកភាព​ជាតិ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ២០២១ ដែល​បាន​បង្ហោះ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ថ្លែងថា​ការបង្រួបបង្រួម​ជាតិ​អាល្លឺម៉ង់​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់​ឱ្យ​ក្លាយជា​ប្រទេសមួយ​ដូចដែល​យើង​បានឃើញ​សព្វថ្ងៃនេះ។

លោក​បន្តថា នេះ​ក៏​រួមបញ្ចូល​គោលនយោបាយ​ការបរទេស​ និង​វត្តមាន​របស់​អាល្លឺម៉ង់​នៅ​កម្ពុជា​ផងដែរ។ ទោះបី​ជាមាន​ជំងឺ​រាតត្បាត​ក៏ដោយ ក៏​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​អាល្លឺម៉ង់ លើ​ការងារ​អភិវឌ្ឍ​ និង​សកម្មភាព​ផ្សេងទៀត​នៅតែ​បន្ត៕