សាលាដំបូង​ខេត្តកោះកុង សម្រេច ឃុំខ្លួន​ក្មេង​ជំទង់ ៩ នាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដោយ​ត្រូវបាន​ចោទប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​អាច​នឹង​ជាប់គុក​ពី ២ ទៅ ៥ ឆ្នាំ បើសិនជា​តុលាការ​រកឃើញ​ទោស​តាម​បទចោទប្រកាន់។

យុវជន​ប្រុស​ស្រី ៩ នាក់ បាន​ព្រួត​គ្នា​វាយ​លើ​សិស្សស្រី​ម្នាក់​ប្រព្រឹត្ត​នៅ​ភូមិ១ សង្កាត់​ស្មាច់មានជ័យ​ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ថ្ងៃទី ៣០ ខែកញ្ញា។

លោក​ វ៉ៃ ភីរម្យ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី ៤ តុលា​នេះ​ថា​យុវជន​ត្រូវ​ចោទ​ប្រុស​ស្រី​ចំនួន ៩ នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេចចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​ហើយពី​ថ្ងៃទី ៣ តុលា។

លោក​បន្តថា​លោក​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំ​នេះ​យោងតាម​ការចោទប្រកាន់​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​គឺ​លោក​ព្រះរាជអាជ្ញារង​ អេង ចាន់ភារ៉ា។

លោក​ ភីរម្យ ​ថ្លែងថា៖ «លោក​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពួកគាត់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ»។ យោងតាម​មាត្រា ២១៨ នៃ​ក្រម​ខាងលើ​បានកំណត់​ទោស​ពី ២ ឆ្នាំទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ពី ៤ លាន​ទៅ ១០ លាន​រៀល។

ជុំវិញ​អង្គហេតុ​នៃ​រឿងនេះ​ត្រូវ​បាន​លោក ជា សុភាព នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកោះកុង​ឱ្យដឹង​នៅ​ថ្ងៃទី ៤ តុលា​នេះ​ថា​ក្រុម​ជន​ត្រូវ​ចោទ​មាន​គ្នា ៩ នាក់ (ស្រី ៧ នាក់) និង​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់ ១៧ ឆ្នាំ។ ពួកគេ​ជា​សិស្ស និង​ខ្លះ​ឈប់រៀន​បាន​បង្ក​វាយ​ក្មេងរងគ្រោះ​កាលពី​ថ្ងៃទី ៣០ កញ្ញា។ ចំពោះ​ក្មេងស្រី​រងគ្រោះ ឈ្មោះ មាស ស្រីមុំ​ហៅ​ សា អាយុ ១៦ ឆ្នាំ​ជា​សិស្ស។

លោក​បន្តថា៖ «បើ​យើង​ពិនិត្យ​លើ​របួសស្នាម​ក្មេងរងគ្រោះ​មាន​ហើម​មុខ និង​មាន​ស្នាម​ជាំ​ខ្លះ​លើ​ខ្លួនប្រាណ»៕

វីដេអូ៖