ស្ទឹងត្រែងៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាន​ណែនាំដល់​​ក្រុម​ប្រឹក្សានិង​គណៈ​អភិបាល​ខេត្ដ​ត្រូវ​ខិត​ខំ​សម្រប​សម្រួ​លពិភាក្សានិង​ពិគ្រោះ​យោបល់​គ្នា​ ​ដើម្បី​លើកនូវ​គំនិត​ផ្ដួច​ផ្ដើម និងដំណោះស្រាយលើ​បញ្ហា​សំខាន់​ៗ​ដាក់ចូល​ក្នុង​របៀប​វារៈប្រជុំ​ក្រុម​ប្រឹក្សា​អនុម័តហើយ​កុំ​​ភ្លើត​ភ្លើន​នឹងតួនាទីឬមុខតំណែងរួច​ធ្វើ​ជាមន្រ្ដី​ឱកាស​និយម។​

លោក ស ខេង ថ្លែង​បែបនេះ​ពេល​ធ្វើ​ជា​អធិបតី​ប្រកាស​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ស្ទឹងត្រែង ដោយ​លោក ស្វាយ សំអ៊ាង ជំនួសលោក ម៉ុម សារឿន ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅ​សាលា​ខេត្ត​ស្ទឹងត្រែង។

លោក​បាន​ថ្លែងថា​៖«មន្រ្ដីយើង សូមបើក​រង្វង់​ក្រចក​បន្តិច ពេល​ដែ​លទទួលបាន​ការងារ​នេះ ការងារនោះ ការ​ពិត​ទៅ​ជា​កិត្ដិយស​របស់​យើង ដែល​យើង​មាន​ឱកាស​ដើម្បី​នឹង​ធ្វើ​ការងារ​នោះ។​ប៉ុន្ដែ​ក៏យើង​មិនត្រូវ​ភ្លើត​ភ្លើន នឹង​តួនាទី នឹង​មុខតំណែង​​​ហើយ​ថែមទាំង​​ឱកាស​និយ​មថែមទៀត​​។ឱកាស​និយម​នេះគ្រោះ​ថ្នាក់​ណាស់។ អញ​បាន​ឡើង​ធ្វើ​ចៅហ្វាយស្រុក អ៊ីចឹង​អីៗ ​អញសម្រេចតាមចិត្ដ ទោះបីសម្រេច​ទៅ​ប្រើ​អំណាច​ដោយ​រំលោភ»។

ជុំវិញពាក្យថាអ្វីទៅ​ជាប្រើ​អំណាច​ដោយរំលោភនោះ លោក ស ខេង បានពន្យល់ថា គឺ​រឿង​ខ្លះ​មិនមែន​មន្រ្ដី​ដែលមាន​តួនាទី​នោះ​ជាអ្នកស​ម្រេចឬជា​អ្នក​អារកាត់ទេ គឺជារឿង​ដែល​ត្រូវ​ស្ថាប័នណាមួយអារកាត់ ​ប៉ុន្ដែ​អាង​តែខ្លួន​ធំជាងគេ គឺថា​បាន​សម្រេច​ចិត្ដ​អារកាត់តែម្ដង ដែល​ការ​អនុវត្ដ​បែបនេះហើយ​ដែលនាំ​ឱ្យមាន​បញ្ហា​។​

លោកបាន​បញ្ជាក់ថា​៖«អ៊ីចឹង​ហើយ ឱកាស​និយម​នេះ គឺថា​ពេលនឹង​បាន​សិទ្ធិ​ បាន​អំណាចហើយ​ ធ្វើ​អីតាមចិត្ត អ៊ីចឹង​រក​ផល​ប្រយោជន៍នេះ ផល​ប្រយោជន៍នោះ អាហ្នឹង​ហើយ​ជាបញ្ហា​ ​ដែល​នាំ​ឱ្យ​ផ្ទៃក្នុង​របស់​យើង​មិន​រឹង​មាំ​។

​អីចឹង​របៀប​របបធ្វើ​ការងារនេះ ខ្ញុំ​ស្នើថា សូម​ឱ្យ​យកចិត្ដ​ទុក​ដាក់​មែនទែន…​»។

លោក ស ខេង បាន​បន្ត​ថា ក្រុមប្រឹក្សា និង​គណៈអភិបាល​ខេត្ដ ត្រូវ​បន្ត​អនុវត្ដ​ឱ្យបាន​ត្រឹម​ត្រូវ លើ​សិទ្ធិ​អំណាច តួនាទី ​និងភារកិច្ច​របស់ខ្លួន ដោយផ្ដោត​តាម​គោល​ការ​ណ៍ដែល​បាន​កំណត់​ និង​ច្បាប់លិខិត​បទដ្ឋាន​ជាធរមាន​។ រាល់ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ក្រុមប្រឹក្សា និង​គណៈអភិបាល​នៅក្នុង​ការ​គ្រប់គ្រង​ជាទូទៅរបស់​រដ្ឋ​បាល​ខេត្ដ រាប់បញ្ចូលទាំង​ការ​រៀបចំ​គោល​នយោ​បាយ​អភិវឌ្ឍន៍​មូលដ្ឋាន ការរៀបចំ និង​ប្រើ​ប្រាស់​ថវិកា ​គ្រប់គ្រង​បុគ្គលិក ការ​ប្រើ​ប្រាស់ត្រា ចាំ​បាច់​ត្រូវ​គិត​គូរ​អំពីផល​ប្រយោជន៍​សាធារណៈ​ជា​សំខាន់ ដោយ​​គ្មាន​ប្រកាន់​បក្ខ​ពួក គ្រួសារ​និយម និង​ផល​ប្រយោជន៍ ផ្ទាល់ខ្លួន​​។

លោកបាន​បន្តទៀតថា ក្រុម​ប្រឹក្សា​ និងគណៈអភិបាល ជាពិសេស​ប្រធាន​​ក្រុម​ប្រឹក្សា និង​អភិបាល​ត្រូវ​ខិត​ខំ​សម្រប​សម្រួល​ពិភាក្សាគ្នា និង​ពិគ្រោះ​យោបល់​គ្នា​ ​ដើម្បី​លើក​ឡើង​នូវ​គំនិត​ផ្ដួច​ផ្ដើម និងដំណោះស្រាយលើ​បញ្ហា​សំខាន់​ៗ ដែល​បញ្ហា​ទាំង​នោះ​អាច​ដាក់ចូល​ក្នុង​របៀប​វារៈកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាដើម្បី​អនុម័តជាមុនឬបញ្ហា​ដែល​អាច​សម្រេច​ និង​អនុវត្ដ​ដោយគណៈអភិបាល​ខេត្ដ​ផ្ទាល់​។

លោក​បញ្ជាក់ថា​៖«ចង់និយាយថាប្រធាន​ក្រុម​ប្រឹក្សា និង​គណៈអភិបាល​អាច​នឹង​យ​ក​បញ្ហាណាមួយ ដែល​វារស៊ើប​ហ្នឹង​ទៅជជែកគ្នាមុនសិន។​ គេទុក​លទ្ធភាព​ជជែក​ក្រោម​តុ​ជាមួយគ្នាសិន ឯកភាព​ជាមួយគ្នាហើយ​យកមកដាក់​នៅក្រុម​ប្រឹក្សា​...»។

លោក ស ខេង បញ្ជាក់បន្ថែមថា​៖«យើង​ធ្វើ​អីក៏ដោយ​មិន​មែន​សម្រាប់​តែ​ផល​ប្រយោជន៍​យើង​ថ្ងៃនេះ​ទេ យើង​ធ្វើ​សម្រាប់​មនុស្ស​ជំនាន់​យើង សម្រាប់​យើង​នៅថ្ងៃនេះ ប៉ុន្ដែ​យើង​ត្រូវ​គិត​ថា ត្រូវ​បន្សល់ទុក សម្រាប់​កូនចៅ​យើង​ តើ​អនាគត​កូនចៅយើង​យ៉ាង​ម៉េច​ ជាកេរដំណែល។ អ៊ីចឹង​ហើយ សូម​យក​ចិត្ដ​ទុកដាក់ក្នុង​ការ​ពង្រឹង​រៀប​របប​ធ្វើ​ការងារ​នេះ»​៕