តុលាការខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី ​៣ ​តុលា ​បានសម្រេច​ឃុំ​ស្ត្រី​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត ​ករណី​នាំ​ពលករ​ប្រុស​ស្រី ​៨ ​នាក់ ​បម្រុង​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ ដោយ​ខុសច្បាប់​។​

​លោកស្រី ​ឌី ​សុជាតិ​ ស្នងការរង​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ៤ ​តុលា​នេះ​ថា ​ស្ត្រី​ឈ្មោះ ​រ៉េ​ន ​ឌឿ​ន ​អាយុ​ ៥៣​ ឆ្នាំ ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ កាលពី​ថ្ងៃទី​ ៣ ​តុលា​។​

​លោកស្រី​ថា​៖ «​ករណី​ស្ត្រី​ម្នាក់នេះ​ត្រូវ​តុលា​ការឃុំ​គាត់​ពី​ម្សិលមិញ ​(​ថ្ងៃទី​ ៣​ តុលា​)​។​ សមត្ថកិច្ច​ឃាត់​គាត់​នៅ​ស្រុក​ថ្មពួក​»​។​

​លោកស្រី​ សុជាតិ​ រំឭក​ប្រាប់ថា​ កាលពី​វេលា​ម៉ោងជាង​ ១១ ​ព្រឹក ​ថ្ងៃទី ​២ ​តុលា​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក ​បានឃើញ​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​ ៨​ នាក់​ ជាមួយ​ស្ត្រី​ត្រូវ​ចោទ​បម្រុង​នាំ​ពលករ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​។​ នៅពេលនោះ​សមត្ថកិច្ច​បាន​ឃាត់​ពួកគេ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​តែម្តង​។​

​លោកស្រី​បន្តថា ​ចំពោះ​ពលករ​ប្រុស​ស្រី​ទាំង​ ៨​ នាក់​នោះ​ ត្រូវបាន​នគរបាល​ស្រុក​ថ្មពួក​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​មុននឹង​អនុញ្ញាតឱ្យ​ពួកគេ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​។ ​រីឯ​ស្ត្រី​ជា​មេខ្យល់​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​។​

​ស្ត្រី​ជា​មេខ្យល់​ម្នាក់នេះ​បាន​សារភាពថា ​គាត់​ត្រូវ​ថៅកែ​ថៃ​ជួល​គាត់​ឱ្យ​រក​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ​ដោយ​ថៅកែ​នោះ​សន្យា​ឱ្យ​ឈ្នួល​ក្នុង​មនុស្ស​ម្នាក់ ​៥០០ ​បាត​៕