លោក ឡុង ឌី​ម៉​ង់ ដែល​ទើប​បញ្ចប់​បេសកកម្ម​រយៈពេល ៥ ​ឆ្នាំ ក្នុងតួនាទី​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ទំនុកចិត្ត​តែងតាំង​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ​។

​យោង​អនុក្រឹត្យ​ស្តីពី​ការតែងតាំង​មន្ត្រីរាជការ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​ ៤ ខែ តុលា ឆ្នាំ ២០២១ បានសម្រេច​តែងតាំង​លោក ឡុង ឌី​ម៉​ង់ ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ ២ ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​

​អនុក្រឹត្យ​បន្តថា រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​សា​ម៉ី​ខ្លួន​ត្រូវ​ទទួលបន្ទុក​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

​សូមជម្រាបថា លោក ឡុង ឌី​ម៉​ង់ គឺជា​អតីត​អ្នកនាំពាក្យ និង​ជា​អនុប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ​។ ក្រោយមក​នៅ​ឆ្នាំ ២០១៦ លោក​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង និង​បានបញ្ចប់​បេសកកម្ម​ការទូត​រយៈពេល ៥ ឆ្នាំ​នៅ​ប្រទេស​កូរ៉េ ត្រឹម​ខែកញ្ញា ឆ្នាំ ២០២១៕​

វីដេអូ៖