កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​កម្លាំង​ប្រចាំការ ​២៤ ​ម៉ោង ក្នុង​ការជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេល​ដែលមាន​គ្រោះ​អគ្គិភ័យ​ណាមួយ​កើតឡើង ​ខណៈ​ពលរដ្ឋ​ដែល​រស់នៅ​រាជធានី បាន​សម្រុក​ទៅ​ស្រុកកំណើត​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។

​លោក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ​០៤ ខែ តុលា ឆ្នាំ​ ២០២១ បាន​ដឹកនាំ​លោកនាយ​រងការិយាល័យ និង​មន្ត្រី​ជំនាញ​ទាំងអស់​ចំណុះឱ្យ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ធ្វើការ​ត្រៀមខ្លួន​ក្នុង​ការជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេល​ដែលមាន​គ្រោះ​អគ្គិភ័យ​ណាមួយ​កើតឡើង​។​

​លោក​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ពន្លត់​អគ្គិភ័យ​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ពន្លត់​អគ្គិភ័យ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយសារ​ប្រជាពលរដ្ឋ​បាននាំគ្នា​ចាកចេញ​ពី​លំនៅឋាន​របស់​ពួ​គាត់ ដោយ​ធ្វើដំណើរ​ទៅលេង​នៅ​ស្រុកកំណើត​។ ដូច្នេះ​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​របស់​យើង​ទាំងអស់ ត្រូវតែ​ត្រៀម​លក្ខណសម្បត្តិ ដើម្បី​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ នៅពេល​ដែលមាន​ហេតុការណ៍​គ្រោះ​អ​គិ្គ​ភ័យ​កើតឡើង​ដោយ​ប្រការ​ណាមួយ​។

​លោក ព្រហ្ម យ៉​ន បាន​គូសបញ្ជាក់ថា ៖«​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ត្រៀម​លក្ខណសម្បត្តិ​រួចជាស្រេច ដោយនៅ​ក្នុងនោះ​តាម​បណ្ដា​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ និង​បាន​បែងចែក​ដល់​នាយរង​ការិយាល័យ ក៏ដូចជា​ប្រធាន​គោលដៅ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​»​។ «​ជាពិសេស ត្រូវតែ​ប្រចាំការ ២៤ ​ម៉ោង​លើ ២៤ ​ម៉ោង ដើម្បី​ត្រៀម​ទប់ស្កាត់​នៅពេល​ដែលមាន​ហេតុការណ៍​ចាំបាច់​បំផុត​»​។​

​ទន្ទឹមនេះដែរ លោក​ ព្រហ្ម យ៉​ន ក៏បាន​ក្រឿន​រំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ នៅពេលដែល​ជួប​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​កើតឡើង​ដោយ​ប្រការ​ណាមួយ សូម​ធ្វើការ​រាយការណ៍​មកកាន់​លេខ​ទូរស័ព្ទ ៦៦៦ ដើម្បីឱ្យ​កម្លាំង​ជំនាញ​អាច​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ឱ្យបាន​ទាន់ពេលវេលា​៕​

វីដេអូ៖