អភិបាលខេត្ត​បាត់ដំបង​លោក ងួន រតនៈ បាន​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក ត្រូវ​ពង្រឹង​វិធានការ​ចាំបាច់​នានា ជាពិសេសរឹតបន្តឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​សម្រាប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។​

​ក្នុង​លិខិត​របស់លោក ងួន រតនៈ ដែល​បាន​ជម្រាបជូន​គណៈ​អភិបាលក្រុង​-​ស្រុក និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង-ស្រុក​ក្នុង​ខេត្ត ចុះ​ថ្ងៃទី ​៤ ខែតុលា បានឱ្យដឹងថា ដើម្បី​ចូលរួម​អនុវត្ត​សារាចរ​ស្តីពី​ការពង្រឹង​វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ សម្រាប់​អំឡុងពេល និង​ក្រោយពេល​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ គ្រប់ភាគី​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ត្រួតពិនិត្យ​ឱ្យបាន​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

​លិខិត​បន្តថា ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ជាពិសេស​វិធានការ ៣ ​កុំ ៣ ​ការពារ ព្រមទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដែល​ចាំបាច់​នានា សំដៅ​ពង្រឹង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ក្នុងអំឡុងពេល​ធ្វើដំណើរ​ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​រួម និង​ក្នុងអំឡុងពេល​នៃ​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​មេរោគ​កូ​វីដ​ ១៩​។​

​លោក ងួន រតនៈ បាន​បន្តថា​៖ ​​«​ទន្ទឹមនេះ ត្រូវ​រឹតបន្តឹង​ការអនុវត្ត​វិធានការ សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​សម្រាប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ដែល​ត្រូវបាន​ដាក់ចេញ ដោយ​ក្រសួងទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​»​។

​រដ្ឋបាលខេត្ត នឹង​ពិនិត្យ​លទ្ធភាព​ផ្តល់ជូន​នូវ​ឧបករណ៍​តេ​ស្ករ​ហ័ស តាម​តម្រូវការ​ជាក់ស្តែង ជូន​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក ដើម្បី​ធ្វើតេស្ត​ចំពោះ​មន្ត្រីរាជការ​មុន​បន្ត​ធ្វើការ ក្រោយ​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ធានា​សុវត្ថិភាព ក៏ដូចជា​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩៕​