ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​អ្នកដំណើរ​ទាំងអស់​ឱ្យ​បន្ត​ការយកចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ និង​បាញ់​អាល់កុល​សម្លាប់​មេរោគ​ជាប្រចាំ។

សេចក្តី​ណែនាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ថ្ងៃទី ៤ ខែតុលា​នេះ បាន​ណែនាំ​វិធានការ​មួយចំនួន​ចំពោះ​អ្នកធ្វើដំណើរ និង​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ដូចជា ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១,៥ ម៉ែត្រ និង​កាត់បន្ថយ​ចំនួន​ផ្ទុក​អ្នកដំណើរ​ឱ្យ​បាន​ជា​អប្បបរមា ព្រមទាំង​សម្អាត​កន្លែង​ផ្តល់​សេវា​ដល់​អតិថិជន​ឱ្យបាន​ស្អាត​ជានិច្ច ជាពិសេស​នៅ​កន្លែង​លក់​សំបុត្រ កន្លែង​រង់ចាំ កន្លែង​ទទួលទាន​អាហារ និង​បង្គន់​អនាម័យ។ល។

សេចក្តី​ណែនាំ​បន្តថា ត្រូវ​ត្រួតពិនិត្យ​សុខភាព​អ្នកបើកបរ និង​បុគ្គលិក​បម្រើសេវា​ជាប្រចាំ និង​ត្រូវឱ្យ​ពួកគាត់​ពាក់​ម៉ាស់​ក្នុងពេល​បំពេញការងារ ហើយ​បើ​មាន​ការសង្ស័យ​លើ​សុខភាព ត្រូវ​ឱ្យ​ពួកគាត់​ឈប់សម្រាក​ជា​បណ្តោះអាសន្ន ដើម្បី​តាមដាន​សុខភាព។ ត្រូវ​វាស់​កំដៅ​អ្នកដំណើរ និង​ប្រើ​ទឹក​អាល់កុល​សម្រាប់​លាងដៃ និង​តម្រូវឱ្យ​ពាក់​ម៉ាស់​មុននឹង​អនុញ្ញាត​ឱ្យ​ឡើងលើ​រថយន្ត។ សេចក្តី​ណែនាំ​ថា៖ « ប្រសិនបើ​ពិនិត្យឃើញ​អ្នកដំណើរ​មាន​អាការៈ​ដូចជា ក្តៅខ្លួន​លើសពី ៣៧,២ អង្សាសេ មាន​ក្អក ឬ​ឈឺបំពង់ក ឬ​មាន​បញ្ហា​ក្នុង​ការដកដង្ហើម មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ឡើង​ជិះ​រថយន្ត​ឡើយ និង​ត្រូវ​ណែនាំ ឱ្យ​គាត់​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់ ឬ​ទូរស័ព្ទ​ទៅ​បណ្តាញ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ លេខ ១១៥ របស់​ក្រសួង​សុខាភិបាល»។

សេចក្តី​ណែនាំ​ដដែល​បន្តទៀតថា ចំពោះ​អ្នកគ្រប់គ្រង​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ ត្រូវ​ប្រើប្រាស់​អាល់កុល ឬ​សារធាតុ​សម្លាប់​មេរោគ ដើម្បី​ជូត​សម្អាត​រាល់​វត្ថុ​ទាំងឡាយ​នៃ​រថយន្ត ដែល​អ្នកធ្វើដំណើរ​តែង​ប៉ះពាល់​ជាប្រចាំ មានដូចជា របារតោង ភ្នាក់ដៃ និង​កៅអី។ល។ ឱ្យបាន​ញឹកញាប់​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន៕

វីដេអូ៖