រដ្ឋបាលខេត្ត​ព្រះសីហនុ​ដាក់ចេញ​វិធានការ​រដ្ឋបាល​រយៈពេល ៣ ថ្ងៃ ក្នុងអំឡុងពេល​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​តាម​បណ្តា​ខេត្ត​នានា ក៏ដូចជា​នៅ​តំបន់ឆ្នេរ​ដែល​ជា​គោលដៅ​ទេសចរណ៍ និង​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន។

សេចក្តី​ណែនាំ​របស់​អភិបាលខេត្ត​ព្រះសីហនុ​លោក គួច ចំរើន ចុះ​ថ្ងៃទី ៤ ខែតុលា​នេះ បានឱ្យ​ដឹងថា ក្នុងអំឡុង​ពេលនេះ ប្រជាជន​បានធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ទៅ​ជួបជុំ​ឪពុកម្តាយ និង​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត និង​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ទូទាំង​ប្រទេស ក៏ដូចជា​នៅតាម​តំបន់ឆ្នេរ និង​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​អាច​ធ្វើឱ្យ​ខេត្ត ជួបប្រទះ​នូវ​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា (Delta) ដែល​មាន​កម្រិត​នៃ​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស។

សេចក្តី​ណែនាំ​បន្តថា ក្នុងន័យនេះ ដើម្បី​បង្ការ​ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏កាចសាហាវ​នេះ និង​ដើម្បី​ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ស្រប​ពេល​ដែល​កម្ពុជា​ក៏ដូចជា​ខេត្ត​ព្រះសីហនុ កំពុង​ឈានទៅ​បើក​ដំណើរការ​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ​ផង​នោះ រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​ដាក់ចេញ​នូវ​វិធានការ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ០៥ ដល់​ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១។

រដ្ឋបាលខេត្ត​ក៏បាន​ណែនាំ​ដល់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​រួមសហការ ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច និង​គណៈ​អភិបាលក្រុង ស្រុក ព្រមទាំង​ក្រុមការងារ​ដែលមាន​ការ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ឱ្យបាន​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការពង្រឹង​អនុវត្ត វិធានការ​សុខាភិបាល​នានា ជាពិសេស​ត្រូវអនុវត្ត​នូវ​វិធានការ«៣ការពារ និង៣កុំ» និង​វិធានការ​រដ្ឋបាល។

ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចុះ​ពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​សម្រាប់​អាជីវកម្ម ទេសចរណ៍ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន​នានា​នៅក្នុង​ខេត្ត។

សេចក្តី​ណែនាំ​បាន​គូសបញ្ជាក់ថា៖ «នៅក្រោយ​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​បញ្ចប់ មន្ទីរ​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត ព្រមទាំង​គណៈ​អភិបាលក្រុង ស្រុក ត្រូវ​សហការ​ជាមួយ​វិស័យ​ឯកជន ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន និង​ទីតាំង​អាជីវកម្ម​នានា ត្រូវ​លើកទឹកចិត្ត​ឱ្យធ្វើ​តេស្ត​រហ័ស​ចំពោះ​បងប្អូន​កម្មករ និយោជិត និង​បុគ្គលិក​បម្រើ​ការងារ មុនពេល​អនុញ្ញាត​ចូល​បម្រើ​ការងារ ដើម្បី​ការពារ​សុវត្ថិភាព៕