យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន ៥ នាក់​ស្លាប់ និង​របួស​ជិត ២០ នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២១។

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី ០៥ ខែតុលា​នេះ​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ២៣ នាក់​ក្នុង​នោះ​ស្លាប់ ៥ នាក់ (ស្រី ១ នាក់) និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ១៨ នាក់ (ស្រី ៨ នាក់)។

របាយការណ៍​ដដែល​បន្ត​ថា មូលហេតុ​បណ្តាល​ឱ្យស្លាប់​ដោយសារ​បើកបរ​លើស​ល្បឿន​ចំនួន ៣ ករណី និង ២ ករណី​ទៀត បើកបរ​ប្រជែង​គ្នា។ ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល ដោយសារ​ការបើកបរ​ប៉ះទង្គិច​គ្នា មិន​គោរព​សិទ្ធិ ការបត់​មិន​មើលមុខ​ក្រោយ និង​ករណី​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជាដើម។

ដោយឡែក​ទាក់ទង​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ២៤៦ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៨២ គ្រឿង និង​ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ ៣៩.អនក្រ.បក នៅ​ទូទាំង​ប្រទេស៕