​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​វិធានការ​ចាំបាច់ ដោយ​តម្រូវឱ្យ​ពលរដ្ឋ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ឬលិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​ ១៩ រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុងភូមិ​សាស្ត្រ​រាជធានី ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

សេចក្តីណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ចុះ​ថ្ងៃទី ៥ ខែតុលា បានឱ្យដឹងថា រាជធានី​ភ្នំពេញ ត្រូវបានគេទទួលស្គាល់​ថា​ជាទី​ក្រុង​ដែល​បាន​ចាក់​ស្រោច​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ច្រើនជាងគេ​ក្នុង​ពិភពលោក ដែលមាន​អត្រា​គ្របដណ្ដប់​ស្ទើរតែ ១០០ ​ភាគរយ ទាំង​ការចាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី ​១៨ ឆ្នាំ​ឡើងទៅ និង​កុមារ​-​យុវជន​ដែលមាន​អាយុ​ចាប់ពី ៦ ​ឆ្នាំ ដល់​ក្រោម ១៨ ​ឆ្នាំ​។

ក្នុងន័យនេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ សំដៅ​បង្កើត​ឱ្យបាន "​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​ទប់​ទល់នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​ ១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) ក៏ដូចជា​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការ​រ​ស់​នៅ​ជាមួយ​ជំងឺ​នេះ តាម​គន្លង​ប្រក្រតីភាព​ថ្មី ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​បន្ថែម​នូវ​វិធានការ​ចាំបាច់​មួយចំនួន​។​

វិធានការ​ទាំងនោះ​រួមមាន ១ បុគ្គល​ដែលមាន​អាយុ​ពី ១៨​ ឆ្នាំ​ឡើងទៅ ត្រូវមាន​កាតព្វកិច្ច​ប​ង្ហា​ញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ចេញ​ដោយ​ក្រសួងសុខាភិបាល បណ្ណ​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ចេញ​ដោយ​ក្រសួងការពារជាតិ ឬលិខិតបញ្ជាក់​ការចាក់​វាក់​សាំងរាល់​ពេលចេញ​-​ចូល​ទីតាំង ឬទីកន្លែង ដូចជាគ្រឹះស្ថានសិក្សា ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារ​ម៉ា​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ហាង​កាហ្វេ និង​ទីតាំង​ផ្សេងទៀត​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​។​

២ មាតាបិតា ឬ អាណាព្យាបាល​របស់​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី ៦​ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ ត្រូវមាន​កាតព្វកិច្ច​ប​ង្ហា​ញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩​។ ៣ ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម ៦​ ឆ្នាំ ដែល​មិនទាន់​ស្ថិតក្នុង​ក្រុម​គោលដៅ​ត្រូវ​ទទួលបាន​វ៉ាក់សាំង មិនមាន​កាតព្វកិច្ច​ប​ង្ហា​ញ​បណ្ណ​ចាក់​វ៉ាក់សាំង​នោះទេ​។

៤ ចំពោះ​គ្រឹះស្ថានសិក្សា គណៈនាយក​ឬ គណៈ​គ្រប់គ្រង​ត្រូវ​រៀបចំ​យន្តការ ដើម្បី​ត្រួតពិនិត្យ បណ្ណ​ចាក់​វ៉ាក់សាំង​របស់​សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ និង​សិស្ស​-​និស្សិត ឱ្យបាន​ត្រឹមត្រូវ​មុននឹង​អនុញ្ញាត​ឱ្យចូល​សិក្សា​ក្នុង​គ្រឹះស្ថានសិក្សា (​សម្រាប់​តែមួយ​លើក​គត់​) និង​ត្រូវធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​ភ្ញៀវ​ដែល​ចេញ​-​ចូលមក​ទំនាក់ទំនង​ការងារ​ផ្សេងៗ​។

៥ គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ទីតាំង ម្ចាស់​ផ្សារ​ឯកជន ម្ចាស់​ផ្សារ​ម៉ា​ត ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ហាង​កាហ្វេ វិស័យ​ឯកជន និង​ម្ចាស់​ទីតាំង​ផ្សេងទៀត​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ ចាំបាច់​ត្រូវមាន​កាតព្វកិច្ច​ចាត់តាំង​បុគ្គលិក​ប្រចាំការ​នៅមុខ​ច្រកចេញ ចូល​ទីតាំង ទីកន្លែង​របស់ខ្លួន ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង តាម​គោលការណ៍​ណែនាំ​ខាងលើនេះ ហើយ​ប្រសិនបើ​មាន​បុគ្គល​ណា​ម្នាក់​មិន​ព្រម​សហការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង ដាច់ខាត​មិនត្រូវ​អនុញ្ញាតឱ្យ​ចូលក្នុង​ទីតាំង ឬទីកន្លែង​របស់ខ្លួន​ឡើយ និង​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ក្បែរ​នោះ​ជាបន្ទាន់​។

​សេចក្តីណែនាំ​បន្តថា វិធានការ​ទី ៦ ចំពោះ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ទីតាំង ម្ចាស់ ផ្សារ​ឯកជន ម្ចាស់​ផ្សារ​ម៉ា​ត ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ហាង​កា​ហ្វ វិស័យ​ឯកជន និង​ម្ចាស់​ទីតាំង​ផ្សេងទៀត​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ ប៉ុន្តែ​មិនបាន​អនុវត្តតាម​គោលការណ៍​ណែនាំ​ខាងលើ ត្រូវ​ប្រឈមមុខ​នឹង​ការដកហូត​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត និងអាច​ឈានទៅ​បិទ​ទីតាំង ព្រមទាំង​ត្រូវ​ចាត់វិធានការ​ច្បាប់​ផងដែរ​៕​

វីដេអូ៖