​រដ្ឋបាលខេត្ត​កំពង់ចាម បានសម្រេច​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ផ្សារ​ស្ពឺ ស្ថិតនៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ ចាប់ពី​ថ្ងៃទី ៦ ខែតុលា​នេះ​តទៅ បន្ទាប់ពី​បិទ​ខ្ទប់​មួយរយៈ​ដោយសារ​អាជីវករ​មួយចំនួន​មាន​ផ្ទុក​វិជ្ជមាន​កូ​វីដ ១៩​។ នោះ​បើតាម​សេចក្តីសម្រេច​រដ្ឋបាលខេត្ត​។​

​សេចក្តីសម្រេច​បន្តថា នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចំការលើ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​បងប្អូន​អាជីវករ​ក្នុង​ផ្សារ​ស្ពឺ ត្រូវអនុវត្ត​សេចក្តីសម្រេច​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​។​

​សូមជម្រាបថា ចំពោះ​ផ្សារ​ស្ពឺ ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ចាម សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​ ២២​ ខែ កញ្ញា ឆ្នាំ ២០២១ ដោយសារ​មាន​បងប្អូន​អាជីវករ​ក្នុង​ផ្សារ​នេះ​មាន​វិជ្ជមាន​កូ​វីដ​ ១៩៕​