​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ សម្រេច​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​ទីតាំង​ក្នុងភូមិ​ទី ២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូច​ឆ្នា​រ ចាប់ពី​ថ្ងៃទី ៥ ខែតុលា តទៅ បន្ទាប់ពី​បាន​បិទ​ខ្ទប់​មួយរយៈ ប៉ុន្តែ​អ្នករស់នៅ​ក្នុងភូមិ​នេះ ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ឱ្យបាន​តឹងរ៉ឹង​។

​សេចក្តីសម្រេច​របស់​អភិបាលខេត្ត​ត្បូងឃ្មុំ​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ចុះ​ថ្ងៃទី​ ៥ ​ខែតុលា​នេះ បានឱ្យដឹងថា ទន្ទឹមនឹង​ការបើក​ភូមិ​ឡើងវិញ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវអនុវត្ត​ឱ្យបាន​ហ្មត់ចត់​តាម​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ៣​ ការពារ ៣ ​កុំ និង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ក្នុង​សហគមន៍​។​

​សេចក្តីសម្រេច​បន្តថា ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​ល្មើស​វិធានការ​ច្បាប់​នានា​ពាក់ព័ន្ធ​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​ ១៩ នឹងត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​។​

​សូមជម្រាបថា ចំពោះ​ទីតាំង​ក្នុងភូមិ​ទី ២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូច​ឆ្នា​រ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​រដ្ឋបាលខេត្ត សម្រេច​បិទ​ខ្ទប់​ការចេញ​-​ចូល ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២១៕​