​រដ្ឋាភិបាល​ឥណ្ឌា សម្រេច​ផ្តល់ជំនួយ​ដល់​កម្ពុជា​ដូចជា កំ​ព្យូ​ទ័​រ និង​ផ្តល់​ការបណ្តុះបណ្តាល​គ្រូ​ព័ត៌មានវិទ្យា ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា (IT) នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​។​

​ការផ្តល់​ជំនួយ​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ នា​ថ្ងៃទី ​០៤ ខែ តុលា ឆ្នាំ​ ២០២១ រវាង

​សម្តេច​ព្រះមហា​អរិយវង្ស បណ្ឌិត ឃី សុវណ្ណ​រតនា សាកលវិទ្យាធិការរង​ទទួលបន្ទុក​ដឹកនាំ​គ្រប់គ្រង​រួម នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង​លោកស្រី ទេ​វ្យា​នី ខូ​ប្រា​ហ្គា​ដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​កម្ពុជា​។​

​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​នេះ នឹង​ផ្តល់​វគ្គ​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ដល់​សមណ​និស្សិត និង​និស្សិត​ទាំង​អស់នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា កាលពី​ថ្ងៃទី​ ​៥ ខែ តុលា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ការផ្តួចផ្តើម​នេះ​ស្ថិតនៅក្រោម​គម្រោង​ផលប៉ះពាល់​រហ័ស (Quick Impact Project: QIP) របស់​រដ្ឋាភិបាល​ឥណ្ឌា ក្រោម​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា (MGC)​។

​ប្រភព​ដដែល​បាន​បន្តថា ក្រោម​គម្រោង QIP រដ្ឋាភិបាល​ឥណ្ឌា​គាំទ្រ​គម្រោង​ចំនួន ១០ នៅ​កម្ពុជា ជា​រៀងរាល់ឆ្នាំ ដោយ​ផ្តល់​ថវិកា​រហូតដល់ ៥ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គម្រោង​៕​