​អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​លោក ហ៊ុន ម៉ា​ណែ​ត ​ស្នើឱ្យ​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ​កងទ័ពជើងគោក​ទាំងអស់ បន្ត​យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​អនុវត្ត​គ្រប់​ភារកិច្ច​ទាំង​កិច្ចការងារ​ស្នូល និង​ភារកិច្ច​នានា​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​បម្រុង​កម្លាំង មធ្យោបាយ និង​សម្ភារ សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ជាយថាហេតុ​ផ្សេងៗ​។

​ការស្នើ និង​ជំរុញ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​យោធា​-​សន្តិសុខ រយៈពេល ០៩​ ខែ និង​លើក​ទិសដៅ​បន្ត ត្រីមាស​ទី​៤ ឆ្នាំ​ ​២០២១ របស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​ ០៥ ខែ តុលា ឆ្នាំ ​២០២១​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​សម្រេចបាន​ស្នាដៃ និង​សមិទ្ធផល​ការងារ​ជាច្រើន​ក្នុង​រយៈពេល ០៩ ​ខែ ដើមឆ្នាំ ​២០២១ ​នេះ​។ សមិទ្ធផល​ជាអាទិ៍ ការពារ​បូរណភាព​ទឹកដី ការថែរក្សា​សុខសន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ការកសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ ការជួយឧបត្ថម្ភ​គាំទ្រ​ដោះស្រាយ​ការលំបាក​ជូន​អតីតយុទ្ធជន និង​ប្រតិបត្តិ​ការចុះ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់​ជាដើម​។

​លោក​ក៏បាន​ដាក់​ជា​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ ២០២១ ដោយបាន​ស្នើឱ្យ​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ​កងទ័ពជើងគោក​ទាំងអស់ បន្ត​យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​អនុវត្ត​គ្រប់​ភារកិច្ច​ទាំង​កិច្ចការងារ​ស្នូល និង​ភារកិច្ច​នានា​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ក៏ដូចជា​ការត្រៀម​បម្រុង​កម្លាំង មធ្យោបាយ និង​សម្ភារ សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ជាយថាហេតុ​ផ្សេងៗ​។

​ជាមួយគ្នានេះដែរ លោក​ក៏បាន​ក្រើនរំឭក​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន កងទ័ពជើងគោក​ទាំង​អស់ ត្រូវ​បន្ត​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល “៣​កុំ ៣​ការពារ​” ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​សុខភាព​ខ្លួនឯង ក្រុមគ្រួសារ និង​អង្គភាព ជាពិសេស​ការប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​ក្នុងឱកាស​នៃ​ការជួបជុំ​ផ្សេងៗ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូ​វីដ ​១៩ ក្នុងពេល ០២ ​ឆ្នាំ​ចុង​ក្រោយនេះ កងទ័ពជើងគោក ក៏​បាននិងកំពុង​មមាញឹក​សស្រាក់សស្រាំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល នៅក្នុង​គ្រប់​កិច្ចការ​ទាំងអស់ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​ជា​សាកល​នេះ តាមរយៈ​សកម្ម​ភាពជា​ច្រើន ដូចជាការការពារ​សន្តិសុខ​នៅតាម​មណ្ឌល​ព្យាបាល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ការដឹកជញ្ជូន​ស្បៀង​ចែកជូន​ប្រជាពលរដ្ឋ ការចូលរួម​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទីកន្លែង​សាធារណៈ ការជួយ​ដឹកជញ្ជូន​ប្រជា​ពលករ​ត្រលប់​មកពី​ប្រទេស​ថៃ និង​ការចូលរួម​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ នៅ​ទូទាំងប្រទេស ដោយ​សម្រេចបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​៕​