ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស អំពាវនាវដល់ប្រទេសភាគីពាក់ព័ន្ធរក្សាឱ្យបាននូវគោលការណ៍របស់អាស៊ានជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ខណៈលោកសម្តែងការព្រួយបារម្ភពីការកើនឡើងនូវភាពតានតឹងខាងភូមិសាស្ត្រនយោបាយដោយសារការប្រកួតប្រជែងរវាងប្រទេសមហាអំណាចដែលអាចនឹងបង្កអស្ថិរភាពក្នុងតំបន់។

ការអំពាវនាវដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤កាលពីថ្ងៃទី៤ ខែតុលា តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក ប្រាក់ សុខុន បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងមហាអំណាច ដែលអាចបង្កអន្តរាយដល់ស្ថិរភាព សន្តិភាព និងសន្តិសុខក្នុងតំបន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសដែលចេញផ្សាយនៅថ្ងៃទី៦ ខែតុលា។

នៅក្នុងកិច្ចប្រជុំនេះ លោកបានស្នើដល់ប្រទេសពាក់ព័ន្ធប្រកាន់ខ្ជាប់ចំពោះគោលបំណង និងគោលការណ៍ដែលបានកំណត់ក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) តំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព (ZOPFAN) សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ឯកឧត្តម [ប្រាក់ សុខុន] បានសម្តែងនូវក្តីបារម្ភថា ការកើនឡើងនូវភាពតានតឹងភូមិសាស្រ្តនយោបាយ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច អាចនឹងជំរុញឱ្យមានការរត់ប្រណាំងសព្វាវុធ និងបង្កអស្ថិរភាពដល់សន្តិភាពក្នុងតំបន់»។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ឯកឧត្តម [ប្រាក់ សុខុន] បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការថែរក្សាឱ្យបាននូវគោលការណ៍នានារបស់អាស៊ានក្នុងការរក្សាបានតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយប្រទេសដែលមានអាវុធនុយក្លេអ៊ែរទំាង៥»៕

វីដេអូ៖