ត្បូងឃ្មុំៈ រដ្ឋបាល​ស្រុក​ពញាក្រែក​នៃ​ខេត្ដ​ត្បូងឃ្មុំ​សម្រេច​ផ្អាក​ការចូល​កម្សាន្ត​ក្នុង​តំបន់​រមណីយដ្ឋាន​អន្លង់ជ្រៃ​នៅ​ថ្ងៃទី ៧ ខែតុលា​នេះ ក្រោយពី​អាជីវករ និង​ពលរដ្ឋ​ដែល​ចូល​ទៅលេង​កម្សាន្ត​ច្រើន​កុះករ​នា​ថ្ងៃ​សម្រាក​ភ្ជុំបិណ្ឌ​កន្លងមកនេះ ពុំបាន​ចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ៣ ការពារ និង ៣ កុំ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

យោងតាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​ពញាក្រែក ស្ដីពី​ការផ្អាក​ការចូល​កម្សាន្ត​ក្នុង​តំបន់​រមណីយដ្ឋាន​អន្លង់ជ្រៃ​នេះ រដ្ឋបាល​ស្រុក​បាន​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​សាធារណៈមតិ​ទាំងអស់​ថា រដ្ឋបាល​ស្រុក​ពញាក្រែក សម្រេច​ផ្អាក​ការចូល​លេង​កម្សាន្ដ​ក្នុង​តំបន់​រមណីយដ្ឋាន​អន្លង់ជ្រៃ​ស្ថិត​នៅ​ភូមិ​អន្លង់ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ចំនួន ១ ថ្ងៃ គឺ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ នេះ។

រដ្ឋបាល​ស្រុក​បញ្ជាក់ថា ការផ្អាក​នេះ ដោយហេតុ​អាជីវករ​លក់ដូរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​កម្សាន្ដ​នៅ​រមណីយដ្ឋាន​ខាងលើនេះ ពុំ​ចូលរួម​អនុវត្ត​នូវ​វិធានការ ៣ ការពារ និង ៣ កុំ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

បើតាម​រដ្ឋបាល​ស្រុក​ការផ្អាក​នេះ គឺ​ដោយ​ទទួលបាន​គោលការណ៍​ឯកភាព​ពី លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ។ អាស្រ័យហេតុនេះ រដ្ឋបាល​ស្រុក ស្នើសុំ​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ សហការ​អនុវត្ត​ឱ្យបាន​ល្អប្រសើរ៕

វីដេអូ៖