សៀមរាបៈ រដ្ឋបាល​ខេត្ដ​សៀមរាប​អនុញ្ញាត​ឱ្យ​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ចំនួន ៩ កន្លែង​ក្នុង​ក្រុង​សៀមរាប បើក​បម្រើ​សេវាកម្ម​ចំណីអាហារ​នៅនឹងកន្លែង​ដល់​ផ្ញៀវទេសចរ​ឡើងវិញ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ថ្ងៃ​ភ្ជុំបិណ្ឌ ២ ថ្ងៃ​កន្លងមកនេះ​មាន​ភ្ញៀវទេសចរ​ជិត ២ ម៉ឺន​នាក់​បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ដ​នេះ។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ថ្លែង​កាលពី​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២១ ថា បន្ទាប់ពី​មានការ​បើក​តំបន់​ក្រហម និង​តំបន់​លឿងទុំ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត និង​ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចុះមក​ពិនិត្យ និង​វាយតម្លៃ​ទីតាំង​អាជីវកម្ម ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ជា​បន្តបន្ទាប់ ដើម្បី​សម្រួល​ដល់​ការបើក​អាជីវកម្ម​ឡើងវិញ បម្រើ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ក្នុង​ថ្ងៃ​សម្រាប​ភ្ជុំបិណ្ឌ។

លោក​ថ្លែងថា៖ «ក្រុមការងារ​ក៏បាន​ជំរុញ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​នានា ណែនាំ​ដល់​បុគ្គលិក​ពាក់​បណ្ណ​ទទួល​ការចាក់​សាំង និង​ផ្ដល់​ការបញ្ចុះ​តម្លៃ​ដល់​អតិថិជន​ណា​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ផងដែរ ដើម្បី​បង្ហាញ​ពី​ទំនុកចិត្ត និង​កាត់បន្ថយ​ហានិភ័យ​ដល់​សុខភាព​ភាគី​ទាំងសងខាង»។

បើតាម លោក ធឹម សេរីវុឌ្ឍ ប្រធាន​ការិយាល័យ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​នៃ​មន្ទីរទេសចរណ៍​ខេត្តសៀមរាប បញ្ជាក់ថា ការស្នើ​លិខិត​អនុញ្ញាត​បម្រើ​សេវាកម្ម​នៅនឹងកន្លែង​របស់​អាហារដ្ឋាន និង​ភោជនីយដ្ឋាន​ទេសចរណ៍​នេះ​ពុំ​មាន​ការបង់​ប្រាក់​ឡើយ។ ចំណែក ការវាយតម្លៃ​ចែកចេញជា ៣ ប្រភេទ គឺ​អាហារដ្ឋាន និង​ភោជនីយដ្ឋាន​ទេសចរណ៍ កម្រិត​ខ្ពស់ មធ្យម និង​ទាប។

តាម​របាយការណ៍​របស់​មន្ទីរទេសចរណ៍​ខេត្តសៀមរាប​បានឱ្យដឹង​ថា នៅ​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២១ នេះ ដែលជា​ថ្ងៃ​ភ្ជុំបិណ្ឌ​នោះ​មាន​ភ្ញៀវទេសចរ​ចំនួន​ជាង ១២ ០០០ នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប​ជា​លក្ខណៈ​គ្រួសារ។ ក្នុងនោះ​ទេសចរ​បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ ៧ ០០០ នាក់ , រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំនួន​ប្រមាណ ២ ៨០០ នាក់ និង​ទៅ​សហគមន៍​ទេសចរណ៍-អេកូទេសចរណ៍​ចំនួន​ប្រមាណ ២ ២០០ នាក់​ក្នុង​ចំណោម​ភ្ញៀវទេសចរ​នេះ ក៏​មាន​ទេសចរ​បរទេស​ចំនួន ៩៦ នាក់​ផងដែរ។

បើ​សរុប​រយៈពេល ២ ថ្ងៃ​នៃ​ថ្ងៃ​ភ្ជុំបិណ្ឌ គឺ​ថ្ងៃទី ៥ និង ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២១ នេះ មាន​ភ្ញៀវទេសចរ​ចំនួន​ជាង ១៩ ០០០ នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប។ នេះ​បើតាម​របាយការណ៍​បញ្ជាក់៕