បន្ទាយមានជ័យៈ រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​សម្រេច​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​រយៈពេល ១ សប្តាហ៍​ទៀត​ចាប់ពី​ថ្ងៃទី ៧ ខែ​តុលា ដល់​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ ដែល​បណ្តាល​មកពី​មេរោគ​កូវីដ ១៩ ប្រភេទ​ដែលតា (Delta)។

យោងតាម​សេចក្ដី​សម្រេច​របស់​រដ្ឋបាល​ខេត្ដ​នៅ​ថ្ងៃទី ៦ ខែតុលា​នេះ​បាន​បញ្ជាក់ថា​ការបន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ ដែល​បណ្តាល​មកពី​មេរោគ​កូវីដ ១៩ ប្រភេទ​ដែលតា (Delta)។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា តាមរយៈ​វិធានការ​នេះ​ត្រូវ​បាន​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​សកម្មភាព​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ក្នុង​ភូមិសាស្ត្រ​ទូទាំង​ខេត្ត​ចាប់ពី​ម៉ោង ២១ យប់ ដល់​ម៉ោង ៣ ព្រឹក ជា​កំហិត។

លើកលែង​តែ​ចំពោះ​ករណី​ដូចជា ការធ្វើដំណើរ​របស់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ។ ការធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់។ ការដឹកជញ្ជូន​ទំនិញ និង​គ្រឿង​ឧបភោគបរិភោគ។ ការដឹកជញ្ជូន​ទំនិញ​យុទ្ធសាស្ត្រ​របស់​រដ្ឋ។ សេវា​សង្គ្រោះបន្ទាន់ និង​សេវា​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ឱសថស្ថាន សេវា​ពន្លត់​អគ្គិភ័យ សេវា​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹកស្អាត សេវា​ប្រតិបត្តិការ​ផ្នែក​ទូរគមនាគមន៍ ទីតាំង​ផលិត​គ្រឿងឧបភោគ បរិភោគ និង​ទំនិញ​យុទ្ធសាស្ត្រ​ដែល​បម្រើឱ្យ​ការប្រយុទ្ធ​និង​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ទីតាំង​ផលិត និង​ផ្គត់ផ្គង់​ឱសថ អាល់កុល អុកស៊ីហ្ស៊ែន និង​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្សេងទៀត ស្ថានីយ​ប្រេង ឥន្ធនៈ-ហ្គាស សេវា​សណ្ឋាគារ និង​ផ្ទះសំណាក់ ការបំពេញ​កាតព្វកិច្ច​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ និង​ករណី​ចាំបាច់ ឬ​សេវាសាធារណៈ​ចាំបាច់​ដទៃទៀត។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា រាល់​សកម្មភាព​នៃ​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​ត្រូវបាន​អនុញ្ញាត​ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ ដើម្បី​សម្លាប់​មេរោគ ការវាស់កម្ដៅ និង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេងទៀត និង​ការធ្វើដំណើរ​ចាំបាច់​ផ្សេងៗ​ទៀត ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

«បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ​ណា ដែល​មិន​អនុវត្តតាម​ខ្លឹមសារ​ខាងលើ នឹង​ត្រូវ​ទទួលទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន»។ នេះ​បើតាម​រដ្ឋបាល​ខេត្ដ​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​នេះ៕