ភ្នំពេញ: លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថ្លែងថា កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ដើម្បី​ឆ្ពោះទៅកាន់​លម្ហសាយប័រ (Cyber) មួយ​ដែលមាន​សុវត្ថិភាព និង​ប្រកប​ដោយ​បរិយាប័ន្ន។

លោក​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី ៦ ស្ដីពី​សន្តិសុខ​សាយប័រ និង​កម្មវិធី​សប្តាហ៍​នៃ​សន្តិសុខ​សាយប័រ​អន្តរជាតិ​សិង្ហបុរី ២០២១ កាលពី​ថ្ងៃទី ៦ ខែតុលា ដែល​រៀបចំ​ដោយ​ប្រទេស​សិង្ហបុរី​តាម​ប្រព័ន្ធ​វីដេអូ។

សន្និសីទ​នេះ​រៀបចំ​ឡើង​ក្រោម​ប្រធានបទ “រៀន​រស់​ជាមួយ​កូវីដ ១៩ ” និង​មាន​គោលដៅ​ផ្លាស់ប្តូរ​បទពិសោធន៍ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​តំបន់ ក្នុង​ការកសាង​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​សុវត្ថិភាព និង​ភាពធន់​ជាង​មុន។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ឆ្នាំ ២០២១-២០៣៥ ដែល​មាន​ទស្សនវិស័យ​ក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់រវើក ដោយ​បាន​រួមបញ្ចូល​ការបង្កើត​គណៈកម្មាធិការ​សន្តិសុខ​ឌីជីថល​ក្នុង​គោលបំណង​ការពារ​អត្ថប្រយោជន៍​របស់​អ្នកប្រើប្រាស់ ទប់ទល់​ និង​ឆ្លើយតប​ទៅនឹង​ហានិភ័យ ការគំរាមកំហែង និង​ការវាយប្រហារ ក៏ដូចជា​ការគ្រប់គ្រង​ឱ្យបាន​សន្តិសុខ​សង្គមជាតិ។

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ៦ ខែតុលា ថា លោក ជា វ៉ាន់ដេត បាន​ស្នើ​នូវ​កិច្ចសហប្រតិបត្តិការ​ពី​រដ្ឋមន្ត្រី​អាស៊ាន​ក្នុង​ការពង្រឹង​សមត្ថភាព​សន្តិសុខ​សាយប័រ​ដោយ​ផ្តោត​ទៅលើ​ការងារ​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ធ្វើការ​ហ្វឹកហ្វឺន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​សាយប័រ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា "ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ការធ្វើ​សុខដុមនីយកម្ម​នៃ​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ទៅនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​សំខាន់ៗ និង​ការការពារ​ទិន្នន័យ​ឌីជីថល​ឱ្យមាន​សុវត្ថិភាព និង​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការចែករំលែក​ក្នុង​ការងារ​ប្រចាំថ្ងៃ"។

ប្រភព​ដដែល​បញ្ជាក់ថា លោក​រដ្ឋមន្ត្រី​រូបនេះ​បាន​ជំរុញ​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុង​ការចែករំលែក​ព័ត៌មាន​ការគំរាមកំហែង​សន្តិសុខ​សាយប័រ៕