ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា (CHRC) នៅ​ថ្ងៃ​ទី៧ ខែ​តុលា​នេះ បន្ត​​បញ្ជាក់​អំពី​បច្ចុប្បន្នភាព​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​ច្បាប់នៅ​កម្ពុជា ឆ្លើយតប​ទៅ​នឹង​ការ​ការ​រិះគន់ និង​របាយការណ៍​ចោទ​ប្រកាន់​របស់​ក្រុម និង​អង្គការ​ស្ថាប័ន​មួយ​ចំនួន​នា​ពេល​កន្លង​មក​ដែល​មាន​និន្នាការនយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល ក្នុង​នោះ​រួម​មាន​​កិច្ច​សហការ​ជាមួយ​យន្តការ​សិទ្ធិ​មនុស្ស​អន្តរជាតិ, វឌ្ឍនភាព​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​សិទ្ធិ​សេរីភាព និង​ការ​អនុវត្ត​ច្បាប់ ជាដើម​ សរុប​មាន​ ៣០ ចំណុច​សំខាន់ៗ។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អំពី​បច្ចុប្បន្ន​ភាព​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​នេះ​បាន​បញ្ជាក់​លើ កិច្ច​សហការ​ជាមួយ​យន្តការ​សិទ្ធិ​មនុស្ស​អន្តរជាតិ គឺទី១ កម្ពុជា​មាន​ឆន្ទៈ​ខ្ពស់​ចំពោះ​ការ​លើក​កម្ពស់ និង​ការការពារ​សិទ្ធិ​មនុស្ស ដែល​បានស្ដែង​ចេញ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ផ្តល់​សច្ចាប័ន និង​ការ​ទទួល​យក​សន្ធិ​សញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន ៨ ក្នុង​ចំណោម ៩ ដែល​ធ្វើ​ឱ្យ​ប្រទេស​មួយនេះ​ក្លាយ​ជា​ប្រទេស​មួយ​លេច​ធ្លោ​និង​ឈាន​មុខ​គេ​ក្នុង​តំបន់​ក្នុង​នាម​ជា​ភាគី​សន្ធិសញ្ញ សិទ្ធិ​មនុស្ស​អន្តរជាតិ។

ទី២ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​គ្រប់​យន្តការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ជាមួយ នឹង​ស្ថាប័ន​សន្ធិ​សញ្ញា​ផ្សេងៗ​ទៀត។ ឧទាហរណ៍ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ កម្ពុជា ជា​ប្រទេស​តែ​មួយ​គត់​ក្នុង តំបន់​អាស៊ាន​ដែល​បាន​ស្វាគមន៍ ទាំង​វត្តមាន​អ្នក​រាយការណ៍​ពិសេស ព្រម​ទាំង​ការិយាល័យឧត្តម​ស្នងការ​ទទួល បន្ទុក​សិទ្ធិ​មនុស្ស ដើម្បី​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា ហើយ​ដែល​អាណត្តិ​អ្នក​រាយការណ៍​ពិសេស និង​ការិយាល័យឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន។ លើស​ពី​នេះ កម្ពុជា ក៏​មិន​ដែល​បានបដិសេធ​ចំពោះ​សំណើ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​ណា​មួយ​ឡើយ។

ចំណែក វឌ្ឍនភាព​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឱ្យ​ដឹង​ថា សិទ្ធិ​មនុស្ស​ក្នុង​ស្ថានភាព​កូវីដ១៩ រដ្ឋាភិបាលបាន​ដាក់​ចេញ​នូវ​វិធានការ និង​យន្តការ​នានា រួម​ទាំង​ការ​ផ្តល់​នូវ​លំហូរ​សាច់​ប្រាក់ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលរដ្ឋ​និង​គ្រួសារ ដែល​រងផល​ប៉ះពាល់​ពី​កូវីដ១៩ ក្នុង​គោលដៅ​ការពារ​នូវ​ជីវិត​របស់​ពលរដ្ឋ សុខភាព និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។

សិទ្ធិសេរីភាព និង​ការ​អនុវត្ត​ច្បាប់ គណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា បាន​ឱ្យ​ដឹង​ថា វិធានការ​ឆ្លើយតប​នឹង​កូវីដ១៩ រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការចាំ​បាច់​នានា រួម​មាន​វិធានការ សង្គមកិច្ច សេដ្ឋកិច្ច សុខាភិបាល រដ្ឋបាល និងច្បាប់ ក្នុង​គោលដៅ​ទប់ស្កាត់​ការ​ឆ្លងរាលដាល​កូវីដ១៩​ផង ការពារ​អាយុជីវិត​របស់​ពលរដ្ឋ​ផង និង​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ផងដែរ ដែល​ជា​ការ​ធានា និង​គាំពារ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុងស្ថានភាព​កូវីដ១៩ ជាពិសេស សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​សិទ្ធិ​ទទួល​បាន​នូវ​សេវាសុខភាព​និង​សុខាភិបាល​ជាដើម។ល។ ការ​ដាក់ចេញ​វិធានការ​រដ្ឋបាល និង វិធាន​ច្បាប់​របស់​រដ្ឋាភិបាល មិនមែន​ដើម្បី​រឹត​ត្បិត​សិទ្ធិ​សេរីភាព​និង​ដាក់​ទោស​ទណ្ឌ​ពលរដ្ឋ​ខ្លួន​ឯង​នោះទេ តែ​វា​ជា​ការចាំបាច់​ក្នុង​កាលៈទេសៈ​ដ៏​គ្រោះថ្នាក់​នេះ ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពលរដ្ឋ សណ្ដាប់ធ្នាប់​សាធារណៈ និង សុខភាព​សាធារណៈ​របស់​ពលរដ្ឋ ផ្អែក​លើគោលការណ៍​និត្យនុកូល និងសមាមាត្រ ហើយ​វិធានការ​នេះ មិនមែន ធ្វើ​ឡើង​ជា​អចិន្ត្រៃយ៍​នោះ​ទេ រួម​ទាំង​វ៉ាក់សាំង​កាតព្វកិច្ច​និង​ការ​បង្ហាញ​អត្តសញ្ញាណ​នៃ​អ្នក​ឆ្លង​កូវីដ១៩ ផងដែរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ជាក់ស្តែង ក្នុង​ភាព​ម្ចាស់ការ និង​ត្រៀម​លក្ខណៈ​ទុក​ជា​មុន កម្ពុជា​បាន​រៀបចំ​កែ​សម្រួល និង​បង្កើត បទប្បញ្ញត្តិ​ថ្មីៗ សំដៅ​ទៅ​ប្រយុទ្ធ និង​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ ដោយ​ក្នុង​នោះ​គឺ​មាន​ច្បាប់​គោល​ជាមូលដ្ឋាន មួយ ហៅថា «ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត» ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១។

របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចោទ​ប្រកាន់ លើ​វិធានការ​ច្បាប់​កូវីដ១៩ របស់​រដ្ឋាភិបាល ថាបាន​ឃាត់​ខ្លួន​មនុស្ស​យ៉ាង​តិច ៧២៩ នាក់ ចាប់ពីខែមេសា ឆ្នាំ២០២១ មកនោះ គឺ​មិន​ត្រឹមត្រូវ​ទេ​និង​នាំ​ឱ្យ​បាន​ការ​ភ័ន្ត​ច្រឡំ។ តាម​ពិត​ទៅ​ បើ​ផ្អែក​តាមរបាយការណ៍​របស់​អនុគណៈកម្មការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​នឹង​កូវីដ១៩ ចាប់​ពី​ថ្ងៃទី​២៩ ខែ​កក្កដា ដល់​ថ្ងៃទី៣ ខែ​តុលា ឆ្នាំ​២០២១ ភាគច្រើន​នៃ​អ្នក​ដែលបំពាន​ច្បាប់​កូវីដ១៩ គឺ​ត្រូវ​បាន​ពិន័យ​អប់រំ​ណែនាំ និង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែកឯ​សំណុំ​រឿង​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ គឺ​មាន​តែ ៤៤ករណី តែ​ប៉ុណ្ណោះ ជាមួយ មនុស្ស​ចំនួន ១១៥ នាក់ ហើយ​ដែល​ក្នុង​នោះ ៣០ នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយសារ​តែ​បាន​ប្រព្រឹត្ត​ល្មើស​ធ្ងន់ធ្ងរ និង ៨៥ នាក់​ត្រូវ​បាន​ដោះលែង។ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​។

គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា ​ក៏​បាន​បញ្ជាក់​ ករណី​សំណុំ​រឿង លោក កឹម សុខា ថា លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ២០១៧ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​សម្ងាត់​ឃុបឃិត​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋ​អំណាច ស្រប​ច្បាប់​នៅ​កម្ពុជា តាម​របៀបបដិវត្តន៍ពណ៌ ដោយ​យក​គំរូ​តាម​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ដែល​អនុវត្ត​នៅ​ប្រទេស​ យូហ្គោស្លាវី និង ស៊ែរប៊ី។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក កឹម សុខា ក្នុង​បទល្មើស​ជាក់ស្ដែង ចំពោះ អង្គហេតុ​ខាង​លើ ដែល​ត្រូវ​បាន​ចែង​ផ្តន្ទាទោស​តាម​មាត្រា ៤៤៣ ស្តីពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា។ លោក កឹម សុខា ត្រូវបានឃុំខ្លួន នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង និង​ដាក់​ឱ្យ​ស្ថិត​នៅក្រោម​ការ​ត្រួត​ពិនិត្យ តាម​ផ្លូវ​តុលាការ និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​មួយ​ចំនួន) តាម​រយៈ​ដីកា​សម្រេច ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៨។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប៉ុន្តែ ដោយសារបញ្ហានៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងដោយមានការស្នើសុំពីមេធាវីរបស់លោក កឹម សុខា ខ្លួនឯងផ្ទាល់, សាលាដំបូងបានសម្រេចផ្អាកសវនាការ។ បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្នុង ចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័ន ឯករាជ្យ។ ដោយឡែក សម្រាប់សវនាការលើសំណុំរឿងលោក កឹម សុខា, តាមព័ត៌មានដែលក្រសួង យុត្តិធម៌ទទួលបាន សាលាដំបូងរាជធានីភ្នំពេញមិនទាន់អាចបន្តធ្វើសវនាការបាន ដោយសារ(ទី១) ការស្នើសុំលើកពេលសវនាការរបស់មេធាវីផ្ទាល់របស់លោក កឹម សុខា, (ទី២)-មានសំណុំរឿងអាទិភាព និងបន្ទាន់ជាច្រើនទៀត ជាងសំណុំរឿងលោក កឹម សុខា (ជាពិសេសសំណុំរឿងដែលមានជនជាប់ចោទ ក្នុងឃុំ) ដែលច្បាប់កំណត់នូវរយៈពេលនៃចំណាត់ការឱ្យបានឆាប់ និង (ទី៣) ការមិនទាន់ធូរស្រាល នៃ ស្ថានភាពជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និង (ទី៤)- ការបន្តសវនាការលើលោក កឹម សុខា អាចនាំឱ្យមានការប្រមូលផ្តុំមនុស្សច្រើន (ការប្រមូលផ្ដុំសកម្មជនដែលមាននិន្នាការគាំទ្រលោក កឹម សុខា និងកងកម្លាំងដែលត្រូវមានវត្តមានការពារសន្តិសុខនៅតុលាការ) ដែលនេះអាចជាហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ម៉្យាងវិញទៀត ដំណើរការ​នីតិវិធី​ទាក់​ទង​នឹង​សំណុំ​រឿង កឹម សុខា ដែល​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ទាក់ទង​នឹង​សន្តិសុខជាតិ ទើប​ចំណាយ​ពេល​ត្រឹម​តែ​ជាង ៣ ឆ្នាំ​ប៉ុណ្ណោះ ពុំ​ត្រូវ​ចាត់​ទុក​ថា​ជា​រយៈពេល​យូរ​ពេក​ដែរ ​បើ​ធៀប​នឹង​សំណុំ​រឿង​ផ្សេង​ទៀត​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ការ​អនុវត្ត​នៅ​ក្នុង​បណ្តាប្រទេស​ជឿនលឿន។ នេះ​បើ​តាម​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើង​ថា របាយការណ៍​ចោទ​ប្រកាន់ ដោយ​លំអៀង​និង​គ្មាន​មូលដ្ឋាន​របស់​ក្រុម​និង​អង្គការស្ថាប័ន​មួយ​ចំនួន ដែល​មា​ននិន្នាការ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់​ស្តែង​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​ថា​របាយការណ៍​ទាំង​នេះ ​គ្រាន់​តែធ្វើ​ការ​ប្រមូល បូក​សរុប​នូវ​ព្រឹត្តិការណ៍ និង​ធ្វើការ​សន្និដ្ឋាន ​តែ​លើ​រូបភាព​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​សិក្សា​លើ​មូលហេតុ​លម្អិត​ដែល​នាំ​ឱ្យ​កើត​មាន​ព្រឹត្តិការណ៍​នីមួយៗ ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ​នៃ​បទ​ល្មើស និង​អំពើ​ដែល​ជា​ធាតុផ្សំ​នៃ​បទល្មើស ដែល​នាំ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវតាម​ផ្លូវ​ច្បាប់​នោះ​ទេ។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់ថា ជា​ទម្លាប់​របស់​អង្គការ​ទាំង​នេះ កាល​ណា​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​គោលដៅ​ដែល​គេ​មាន​ របៀបវារៈច្បាស់​លាស់​ក្នុង​ការការពារ ដូចជា​សកម្មជន​អតីត​បក្ស​ប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​និន្នាការ​ប្រឆាំង គឺ​ពួកគេ​តែងតែ​ធ្វើ​ការ​សន្និដ្ឋាននិង​ចោទ​ប្រកាន់​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយ​មិន​ខ្ចី​អើពើ​និង​ធ្វើ​ការ​ពិចារណារ​ទៅ​ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់​ អង្គហេតុ​ អំពើ​ដែល​ជា​ធាតុផ្សំនាំឱ្យកើត ជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការ នោះទេ។

ការធ្វើរបាយការណ៍ដោយដកស្រង់យកតែទស្សនៈមួយជ្រុងនិងជួបសម្ភាសន៍ជាមួយមនុស្សមួយក្រុម និងអង្គការមួយចំនួនដែលជាបក្ខពួករបស់ខ្លួន និងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះ ដោយមិនមានការចូលរួមនិងធាតុចូលពីតំណាងរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធដទៃទៀតដែលទទួលរង ផលប៉ះពាល់អវិជ្ជមានពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងការសន្និដ្ឋានក្នុងរបាយការណ៍នេះមិនមាន លក្ខណៈជាវិទ្យាសាស្ត្រ មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបាននោះទេ។​ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តថា ទោះបីជាដឹងយ៉ាងច្បាស់ថា វិធានការរបស់ប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួន មកលើ កម្ពុជា មានភាពលំអៀង អយុត្តិធម៌ មានស្តង់ដាពីរ ដែលធ្វើឡើងក្រោមហេតុផលនយោបាយ និងយក ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់យន្តការអន្តជាតិនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេស សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ ព្រមទាំងការពារនិងថែរក្សាឱ្យបាននូវសន្តិភាព អធិបតេយ្យភាព ឯករាជ្យភាព និងតម្កល់នូវប្រយោជន៍ជាតិជាធំ តាមរយៈយន្តការនៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់និងគ្មានការលើកលែង តាមគោលការណ៍និងបែបបទប្រជាធិបតេយ្យនីតិរដ្ឋ៕