ភ្នំពេញៈ រយៈពេល ៣ថ្ងៃ គឺ​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី​៧ ខែតុលា នៃ​ឱកាស​សម្រាក​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គ្រោះថ្នាក់​ចរាចណ៍​នៅ​ទូទាំង​ប្រទេស កើតឡើង ៣៥ លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ១៤ នាក់ និង​របួស ៦៤​នាក់ ក្នុង​នោះ​របួស​ធ្ងន់ ៤៣​នាក់។ ចំនួន​អ្នក​របួស និង​ស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បង្ហាញ​ថា នៅថ្ងៃទី៥ ខែ​តុលា ត្រូវ​នឹង​ថ្ងៃទី​១ នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ទូទាំង​ប្រទេស កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ចំនួន ៩ លើក បណ្តាល​ឱ្យ​ស្លាប់ ៥នាក់ និងរបួស ១៨នាក់។ នៅថ្ងៃទី៦ ខែតុលា មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ១១ លើក បណ្តាល​ឱ្យ​ស្លាប់ ៣ នាក់ និង​របួស ២២ នាក់។ ចំណែកថ្ងៃ​ទី៧ តុលានេះ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ១៥ លើក បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ ៦ នាក់ និង​របួស ២៤នាក់។

តាម​របាយការណ៍​ដដែល មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន ក្នុង​ពេល​ភ្ជុំ​បិណ្ឌ​នេះ​ បង្ក​ឡើង​ច្រើន​ជាង​គេ ដោយសារ​បើក​បរ​លើសល្បឿន​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ​វ៉ា​ប្រជែង​គ្រោះថ្នាក់ បត់​គ្រោះថ្នាក់ និង​ដោយសារ​អ្នក​បើកបរ​មាន​សារធាតុ​ស្រវឹង។

កាលពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ៣ថ្ងៃ កាលពីឆ្នាំ២០២០ ត្រូវ​នឹង​ថ្ងៃ​ទី១៦ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បណ្ដាល​ឱ្យ​មនុស្ស ១៥ នាក់ ស្លាប់ និងរបួស ៦២នាក់៕