ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ហិរញ្ញប្បទាន​ចំនួន ៣០ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការឆ្លើយតប​នឹង​ការ​រា​ត្បា​ត​ជំងឺ​កូ​វីដ​ ១៩ ​នៅ​កម្ពុជា ដែល​កំពុង​គំរាមកំហែង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​មនុស្ស​។

ADB បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ៨ ខែតុលាថា ជំនួយ​នេះ​រួមមាន​ប្រាក់កម្ចី ២៥ លាន​ដុល្លារ ជា​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង​សន្តិសុខ សុខភាព​មហា​អនុតំបន់​មេគង្គ (GMS)​។ វា​នឹង​ជំរុញ​សេវាកម្ម​មន្ទីរពិសោធន៍ និង​ការត្រួតពិនិត្យ ការការពារ​ការឆ្លង​មេរោគ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​ស្រុក​ចំនួន ៨១ នៅ​ទូទាំងប្រទេស​។ វា​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ឃ្លាំមើល​និង​ឆ្លើយតប​ជំងឺ ការគ្រប់គ្រង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ ​១៩ និង​ការ​តាម​ប្រភព​ចម្លងជំងឺ​នៅតាម​ភ្នាក់ងារ​សុខាភិបាល​មជ្ឈិម ខេត្ត និង​ស្រុក​។

​ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន ៥ លាន​ដុល្លារ ​ពី​មូលនិធិ​ជប៉ុន​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ (Japan Fund for Poverty Reduction) របស់​រដ្ឋាភិបាល​ជប៉ុន ដើម្បី​កែលម្អ សេវា​ថែទាំ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ចំនួន​ ១៤​។ វា​រួមបញ្ចូល​ទាំង​ការផ្តល់​ថវិកា​សម្រាប់​ឧបករណ៍​ថ្មី ដូចជា រថយន្ត​សង្គ្រោះបន្ទាន់ បំពង់​ផលិត​អុក​ស៊ី​ហ្ស៊ែ​ន និង​ឧបករណ៍​ព្យាបាល​ដោយ​ប្រើ​អុក​ស៊ី​ហ្ស៊ែ​ន ព្រមទាំង​ការបណ្តុះបណ្តាល​បុគ្គលិក​សុខាភិបាល​ក្នុង​ការថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ ​១៩​។

​លោក Rikard Elfving អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​សង្គមរបស់ ADB ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះថា ជំងឺ​រាតត្បាត​កូ​វីដ ​១៩ កំពុង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​មកលើ​សេដ្ឋកិច្ចកម្ពុជា និង​គំរាមកំហែង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​មនុស្ស​។

​លោក​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ដើម្បី​ការពារ កំណត់​មុខសញ្ញា​និង​ឆ្លើយតប​ទៅនឹង​កូ​វីដ ​១៩ ក៏ដូចជា​ការគំរាមកំហែង​សុខភាព​សាធារណៈ​ផ្សេងៗ​ដែល​កំពុង​កើតមាន កាត់បន្ថយ​ផលប៉ះពាល់​លើ​សុខភាព​និង​សង្គម និងរួមចំណែក​ដោយ​ប្រយោល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​»​។

ADB លើកឡើងថា កម្ពុជា​អាច​គ្រប់គ្រង​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ ឱ្យនៅ​កម្រិត​ទាប​ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ​ស្ថានការណ៍ មាន​សភាព​ធ្ងន់ធ្ងរ ចាប់តាំងពី​ខែកុម្ភៈ​ ឆ្នាំ ២០២១ ​មក​។ ដោយសារ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ការ​បំប្លែង​ខ្លួន​ថ្មី​នៃ​មេរោគ​កូ​វីដ ​១៩ ដែល​អាច​ឆ្លង​រាលដាល​លឿន ការគាំទ្រ​ពី​គម្រោង​នេះ​ដើម្បី​ពង្រឹង​ការឃ្លាំមើល ការឆ្លើយតប​ការផ្ទុះ​ឡើង និង​ការផ្តល់ សេវា​សុខភាព គឺ​ទាន់ពេលវេលា​។

ADB បញ្ជាក់ថា​៖ «​គម្រោង​នេះ​នឹង​ដោះស្រាយ​បញ្ហា​សង្គម ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត ដូចជា​ការបណ្តុះបណ្តាល​បុគ្គលិក​មន្ទីរពេទ្យ ដើម្បី​កំណត់​អត្តសញ្ញាណ និងគាំទ្រ​ដល់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​អំពើហិង្សា​យេនឌ័រ និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​»​។

​គម្រោង​នេះ​អនុវត្តតាម​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១៩-២០២៣ សម្រាប់​ប្រទេស​កម្ពុជា ដែល​ផ្តល់​អាទិភាព​ដល់​ការពង្រឹង​ធនធានមនុស្ស​។ វា​នឹង​រួមចំណែក​ដល់​គោលដៅ​រួម របស់​បណ្តា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការឆ្លើយតប​របស់​ប្រទេស​ទាំងនោះ​ទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​៕​