លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​ចុះហត្ថលេខា​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ជាមួយ​នឹង​លោក​ មិកាម៉ា ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី ០៨ ខែតុលា នេះ​បានឱ្យដឹងថា លោក​ ប្រាក់ សុខុន និង​លោក​ មិកាម៉ា ម៉ាសាហ៊ីរ៉ូ នឹង​ចុះហត្ថលេខា​លើ​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្ត​សៀមរាប (ដំណាក់កាល​ទី ២) ដែលជា​ឥណទាន​សម្បទាន មាន​ទឹកប្រាក់​សរុប​ចំនួន ៦.៣៣៦ លាន​យ៉េន ឬ​ស្មើនឹង​ប្រមាណ ៥៨,២១ លាន​ដុល្លារ​អាមេរិក)។

ក្រសួង​បាន​បន្តថា លោក​ ប្រាក់ សុខុន និង​លោក​ មិកាម៉ា ម៉ាសាហ៊ីរ៉ូ ក៏​នឹង​ចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​រហូតដល់ ៥ គម្រោង​ផងដែរ គម្រោង​ទាំងនោះ​រួមមាន៖ គម្រោង​គាំទ្រ​ដំណើរ​ការកសាង​ផែនការ​បោសសម្អាត​មីន និង​ត្រួតពិនិត្យ​គុណភាព​លើ​ផ្ទៃដី​បោសសម្អាត, គម្រោង​សម្ភារ​បច្ចេកទេស សម្រាប់​មន្ទីរពិសោធន៍​ជាតិ​សំណង់, សម្ភារ​បច្ចេកទេស សម្រាប់​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍ និង​មជ្ឈមណ្ឌល​ទិន្នន័យ, គម្រោង​បំពាក់​ឧបករណ៍​សម្ភារ និង​បរិក្ខារ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​គម្រោង​បំពាក់​សម្ភារ​បរិក្ខារ និង​គ្រឿង​ម៉ាស៊ីន ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿងយន្ត​អេឡិចត្រូនិក​ និង​មេកានិក​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

បើតាម​សេចក្តី​ប្រកាស​ដដែល​នេះ ហិរញ្ញប្បទាន​ឥត​សំណង​ដែលមាន​រហូតដល់ ៥ គម្រោង​នេះ​មាន​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​សម្រាប់​គម្រោង​គាំទ្រ​ដំណើរ​ការកសាង​ផែនការ​បោសសម្អាត​មីន និង​ត្រួតពិនិត្យ​គុណភាព​លើ​ផ្ទៃដី​បោសសម្អាត ដែល​មាន​ទឹកប្រាក់​សរុប ២០០ លាន​យ៉េន ឬ​ស្មើនឹង​ប្រមាណ ១,៨ លាន​ដុល្លារ​អាមេរិក។ គម្រោង​សម្ភារ​បច្ចេកទេស សម្រាប់​មន្ទីរពិសោធន៍​ជាតិ​សំណង់ ដែល​មាន​ទឹកប្រាក់ សរុប ២៥០ លាន​យ៉េន ឬ​ប្រមាណ ២,២៧ លាន​ដុល្លារ​អាមេរិក។ សម្ភារ​បច្ចេកទេស សម្រាប់​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍ និង​មជ្ឈមណ្ឌល​ទិន្នន័យ ដែល​មាន​ទឹកប្រាក់​សរុប ២៥០ លាន​យ៉ន ឬ​ប្រមាណ ២,២៧ លាន​ដុល្លារ​អាមេរិក។ គម្រោង​បំពាក់​ឧបករណ៍​សម្ភារ និង​បរិក្ខារ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​មាន​ទឹកប្រាក់​សរុប ៤០០ លាន​យ៉េន ឬ​ប្រមាណ ៣,៦៣ លាន​ដុល្លារ​អាមេរិក។ និង​គម្រោង​បំពាក់​សម្ភារ​បរិក្ខារ និង​គ្រឿង​ម៉ាស៊ីន ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿងយន្ត​អេឡិចត្រូនិក និង​មេកានិក​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​មាន​ទឹកប្រាក់​សរុប ៥០០ លាន​យ៉េន ឬ​ប្រមាណ ៤,៥៤ លាន​ដុល្លារ​អាមេរិក។

ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ជួយ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏ល្អ​ដែលមាន​ស្រាប់ និង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ៕