ភ្នំពេញៈ តាងនាម​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹងចូលរួម​ដោយផ្ទាល់​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ នៅ​ថ្ងៃទី ​១១-១២ ខែតុលា នៅ​ទីក្រុង​ប៊ែ​ល​ក្រា​ត ប្រទេស​ស៊ែ​ប៊ី​។​

​កិច្ចប្រជុំ​នេះ​នឹង​រៀបចំ​ដោយ​សហប្រធាន​លោក អ៊ី​ហាម អា​លី​យែ​វ ប្រធានាធិបតី​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង​ជា​ប្រធាន​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នាពេល​បច្ចុប្បន្ន (NAM) និង លោក អា​ឡិច​សាន់​ដឺ វូ​ឈី​គ ប្រធានាធិបតី​ប្រទេស​ស៊ែ​ប៊ី​។​

​កិច្ចប្រជុំ​នេះ​នឹង​ផ្តល់ឱកាស​ដល់​អ្នកចូលរួម​ធ្វើការ​បញ្ជាក់​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​គោលការណ៍​សំខាន់​ទាំង ​៥ របស់ NAM រួមមាន ការគោរព​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក ការមិន​ឈ្លានពាន​គ្នា​ទៅវិញទៅមក ការមិន​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក ផលប្រយោជន៍​ស្មើគ្នា និង​ទៅវិញទៅមក និង​សន្តិ​សហ​វិជ្ជមាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​បញ្ជាក់​នៅ​ថ្ងៃទី ​៨ ខែតុលា លោក អ៊ុច បូរ​រិ​ទ្ធ នឹង​ថ្លែង​សុន្ទរកថា ​អំពី​សារៈសំខាន់​នៃ​ការគាំទ្រ​គោលការណ៍​ទាំង​ ៥ របស់ NAM និង​ការប្តេជ្ញាចិត្ត​ចំពោះ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សិទ្ធិមនុស្ស តួនាទី​ដ៏​ចាំបាច់​របស់ NAM និង​នីតិរដ្ឋសម្រាប់​បណ្តា​រដ្ឋ​តូចៗ​។​

​លោក​ក៏​នឹង​ថ្លែង​អំពី វ៉ាក់សាំង​ពហុភាគី​និយម និង​ជំងឺ​រាតត្បាត​កូ​វីដ ១៩ និង​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​ដើម្បី​ស្តារឡើងវិញ ​ក្រោយ​វិបត្តិ​កូ​វីដ ​១៩​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា គោលការណ៍​ទាំង​ ៥ ​នេះ បាននិងកំពុង​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ពិភពលោក​។ មានការ​រំពឹងទុក​ដែរ​ថា បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ចំណាប់អារម្មណ៍ និង​កង្វល់​រួម ក៏​នឹង​ត្រូវបាន​លើក​យកមក​ពិភាក្សា​ផងដែរ​៕​